កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ )៖លោក វរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងមួយចំនួន នៅចំណុចមុខវត្តសុភមង្គល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានប្រាប់ឱ្យដឹងថា ជនសង្ស័យ ទី១–ឈ្មោះ ស៊ន សការៈ ហៅកា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។ ២–ឈ្មោះ ស៊ីម វុត្ថា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ផាស់អាប់ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)។
វត្ថុតាងចាប់បានរួមមាន គ្រឿងញៀនប្រភេទម្ស៉ៅក្រាម ពណ៌សថ្លា (ICE) ចំនួន ០៣កូនថង់កិប ទម្ងន់ ៣,១៧ក្រាម ,គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០៣គ្រាប់ ទម្ងន់ ០,៥៣ក្រាម , ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង, នាឡិកាដៃលោហធាតុពណ៌លឿង ចំនួន ០១គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។
លោក បន្តថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានល្បាតការពារសន្តិសុខនៅក្នុងភូមិសាស្រ្តក្រុង បានឃើញ ឈ្មោះ ស៊ន សការៈ គួរឱ្យសង្ស័យ កម្លាំងក៏បានឃាត់សួរនាំ ព្រមទាំងធ្វើការឆែកឆេរលើខ្លួនប្រាណ ឃើញមានគ្រឿងញៀន ពេលនោះកម្លាំងធ្វើការឃាត់ខ្លួនភ្លាម ៗយកមកសួនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ បន្ទាប់ពីសួរនាំ និង ដោយមានការសហការពីជនសង្ស័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានសុំកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការរហូតឈានដល់ខ្លួនជនសង្ស័យឈ្មោះ ស៊ីម វុត្ថា (ជួញដូរ និងប្រើប្រាស់ ) នាំមកកាន់មូលដ្ឋាន អាវុធហត្ថ ក្រុងសិរីសោភ័ណ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធី ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ឈ្មោះ ស៊ីម វុត្ថា បានសារ ភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនទុកលក់ផង និងប្រើប្រាស់ផង ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង ជនសង្ស័យត្រូវទាំង២ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕