ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នៅសាលាខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងជំនួយការស្មៀនឃុំ សង្កាត់។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើង ស្ដីពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដោយមានខ្លឹមសារបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យនេះ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្ដោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថលនៃ សេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងបន្តថា ក្នុងរយៈពេល ២៥ឆ្នាំខាងមុខយុទ្ធសាស្ត្របញ្ចកោណនិងត្រូវបានជំរុញ ប្រកបដោយភាពប្រទាក់ក្រឡាគ្នា ក្នុងស្មារតីបុរេសកម្ម និងច្បាស់លាស់ក្នុងគោលបំណងកសាងកម្ពុជា ជាអរិយប្រទេសមួយដែលឆ្លើយតបនិងលក្ខណៈសម្បត្តិ ៥ចំណុចសំខាន់ៗរួមមាន កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដែលមានសុខសន្តិភាព ឋិតថេរចីរកាល មានស្ថេរភាពនយោបាយសម្រាប់សណ្ដាប់ធ្នាប់សាធារណៈរឹងមាំ កម្ពុជាជាប្រទេសមានចំណូលខ្ពស់ មានសេដ្ឋកិច្ចធន់រឹងមាំ ប្រជាជនកម្ពុជា “មានចំណេះដឹងខ្ពស់និងមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ប្រជាជនកម្ពុជា “រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានការការពារសង្គមប្រកបដោយ សមធម៌ ស្មើសិទ្ធិ ស្មើឱកាស” កម្ពុជាជាប្រទេសមាន”បរិស្ថានរូបវ័ន ធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់និងមានតុល្យភាព រវាងការអភិវឌ្ឍន៍ ការអភិរក្ស ធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយ ផាសុខភាពដល់មនុស្សគ្រប់រូប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button