អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នបើមានបញ្ហាអ្វីរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់
(ខេត្តប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញពាក់ព័ន្ធ មួយចំនួនទៀត អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងហូរធ្លាក់ពីតំបន់ភ្នំ តាមអូរ និងស្ទឹង ឆ្ពោះទៅកាន់តំបន់ទំនាប ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជាមួយគ្នានេះដែរលោកជំទាវអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីចៀសវាងកើតមានជំងឺតម្កាត់ផ្សេងៗ ។
សូមបញ្ជាក់ថា ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាតំបន់ទំនាប ដែលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរខេត្ត សាខាកាកបាទក្រហមខេត្ត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើលផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ៕ ដោយ ៖ លោក ក្រូច ណាវី