ពលរដ្ឋប្រមាណ ៦ទៅ ៧នាក់ លើកគ្នាមកតវ៉ា រារាំង ហាមឃាត់ ការអនុវត្តសាលក្រមរបស់តុលាការ ដែលសម្រេចឱ្យអាជ្ញាធរឈូសឆាយដីធ្វើផ្លូវជូនប្រជាពលរដ្ឋ នៅសង្កាត់អូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ទោះបីជាមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ យ៉ាងណាក្តី ក៏ប្រជាពលរដ្ឋដែលមានគ្នាប្រមាណ៦ ទៅ៧នាក់ លើកគ្នាមកតវ៉ា រារាំង ហាមឃាត់ ការអនុវត្តសាលក្រមរបស់សាលាឧទ្ធរណ៍បាត់ដំបង លេខ:៧១“ច“ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ ដែលបានសម្រេចឱ្យអាជ្ញាធរឈូសឆាយធ្វើផ្លូវជូនប្រជាពលរដ្ឋ ដែលមានទទឹង១០ម៉ែត្រ បណ្តោយរហូតទៅដល់៤៥០ម៉ែត្រ ដែលមានបុគ្គលឈ្មោះ ឈរ ស៊ុនលី បានដាំបង្គោលធ្វើអំពីឈើនឹងបំពាក់លួសសំណាញ់បិទផ្លូវប្រវែង១២០ម៉ែត្រទទឹង១០ម៉ែត្រ ដែលជាចំណែកនៃផ្លូវប្រវែង៤៥០ម៉ែត្រ ស្ថិតនៅក្នុងក្បាលដីលេខ ៦៤៧១ ក្រុមទី២៤ ភូមិសាមគ្គីមានជ័យ បច្ចុប្បន្នក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការលើកគ្នាតវ៉ានេះបានធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណ:មេធាវីរបស់ម្ចាស់បំណុលនៃការអនុវត្ត និងអាជ្ញាធរមូលដ្ឋានដែលដឹកនាំដោយលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ ចុះមកធ្វើការអនុវត្តតាមដីការ ដោយឈូសឆាយធ្វើផ្លូវជូនប្រជាពលរដ្ឋ ដែលបានស្នើសុំកន្លងមក ប៉ុន្តែត្រូវបានបុគ្គលឈ្មោះ ឈរ ស៊ុនលី នាំគ្នាមករារាំង ហាមឃាត់ ទាំងខ្លួនមិនមានប្លង់ឬឯកសារគ្រប់គ្រាន់ ដោយចោទទៅលើម្ចាស់ដីនិងអាជ្ញាធរថា បានឃុបឃិតគ្នារំលោភបំពានលើពួកខ្លួន នឹងបានអះអាងថា ចំណុចខាងលើមិនមានផ្លូវទៅវិញ។តែទោះយ៉ាងនេះក្តី ពលរដ្ឋដែលរស់នៅចំណុចខាងលើចូល២០ឆ្នាំមកហើយនោះបានអះអាងថា ចំណុចនេះគឺមានផ្លូវយូរមកហើយ ប៉ុន្តែដោយបុគ្គលរូបនេះលួចរំលោភយកធ្វើជារបស់ខ្លួន។ម្យ៉ាងវិញទៀតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋាននិងក្រុង បានធ្វើកិច្ចព្រមព្រៀងសះជាគ្នាចំពោះទីតាំងដីទំហំ១០គុណ៤៥០ម៉ែត្រស្ថិតលើទីតាំងដីមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ប.ជ.០០១៨២០ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩៨ ស្ថិតនៅចំណុចខាងលើ ដើម្បីសាងសង់ផ្លូវបម្រើផលប្រយោជន៍សាធារណៈកាត់លើទីតាំងដីរបស់លោក យឹម សំណាង ហើយដែរ។នៅក្នុងដំណើរការនៃការអនុវត្តសាលក្រមនេះដែរលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានបញ្ជាក់ប្រាប់ទៅកាន់ប្រជាពលរដ្ឋថា មិនត្រូវមករារាំងការអនុវត្តសាលក្រមរបស់តុលាការបែបនេះនោះទេ ច្បាប់គឺជាច្បាប់ មានអ្វី ត្រូវទៅតតាំងគ្នានៅតុលាការទៅ ពីព្រោះក្នុងនាមអាជ្ញាធរមិនមានសិទ្ធអ្វីទៅហាមឃាត់កាអនុវត្តច្បាប់នោះទេ។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធករណីខាងលើនេះបើយោងតាមឯកសារបានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែ១០ ឆ្នាំ២០០៤ ប្រជាពលរដ្ឋ ៦គ្រួសារ គោរពស្នើសុំប្រធានក្រុមប្រឹក្សាឃុំប៉ោយប៉ែត បច្ចុប្បន្នសង្កាត់អូរជ្រៅ អន្តរាគមន៍សម្របសម្រួលបើកផ្លូវនៅចំណុចខាងលើឡើងវិញ ដោយសារផ្លូវនេះបានកើតមានជាយូឡុងមកហើយ តែមិនដឹងមូលហេតុអ្វីបានជាថ្ងៃទី៨ ខែ៨ ឆ្នាំ២០០៤ បែជាឈ្មោះ ឈរ ស៊ុនលី បញ្ជាកូនចៅរបស់ខ្លួនធ្វើរបងបិទ ធ្វើឲ្យពួកខ្លួនមិនអាចធ្វើដំណើរបាន ។ក្រោយមកទៀតក្នុងអំឡុងឆ្នាំ២០១៨ សាលាសង្កាត់ប៉ោយប៉ែត ដែលបច្ចុប្បន្នសង្កាត់អូរជ្រៅបានចុះរៀបចំបើកផ្លូវចាស់ឡើងវិញនៅចំណុចខាងលើដែលមានឈ្មោះ ឈរ ស៊ុនលី បានបិទតាំងពីឆ្នាំ២០០៤ ត្រូវបានបុគ្គលរូបនេះមករារាំង រហូតអញ្ជើញឲ្យទៅជួបនូវសាលាសង្កាត់តែបុគ្គលរូបនេះ មិនព្រមទៅជួប ថែមទាំងលួចធ្វើរបងរហូតបានរួចរាល់ បន្ទាប់មករដ្ឋបាលក្រុងក៏បានធ្វើរបាយការណ៍គោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តថែមទៀតផង ។
ក្រោយមកទៀតក៏មានការប្ដឹងផ្ដល់គ្នារហូតឡើងទៅដល់តុលាការ តែទោះយ៉ាងណាក្តីក្នុងអំឡុងឆ្នាំ២០២២ សាលាដំបូងខេត្តបន្ទាយមានជ័យបានបង្គាប់ឲ្យសហគមន៍បំណុលឈ្មោះ ឈរ ស៊ុនលី រុះរើរបង ទទឹង ១០ម៉ែត្រ បណ្តោយ១២០ម៉ែត្រ ដែលបានសាងសង់បិទនោះចេញ តែបុគ្គលនេះមិនសុខចិត្តក៏បានតតាំងគ្នារហូតដល់សាលាឧទ្ធរណ៍បាត់ដំបង ចេញដីកាអនុវត្តតែម្តង៕