ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម
(កំពង់ចាម)៖ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស –អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជា និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយសមាជិក សមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ចាមប្រមាណជាង២៥០នាក់ អញ្ជើញសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
មានមតិស្វាគមន៍ ឯកឧត្តម អ៊ុន ចាន់ដា ជួសមុខឱ្យបងប្អូនអតីតយុទ្ធជនទូទាំងខេត្ត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ជាពិសេសបាននាំយកវ៉ាក់សាំងបង្ការជំងឺកូវី១៩ មកចាក់ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដុះជំរុញរហូតការពារបានពីជំងឺដ៏មហាប្រល័យ នឹងបានរស់នៅជួបជុំក្រុមគ្រួសារយ៉ាងមានសុភមង្គល ក្រោមម្លប់សុខសន្តិភាពសម័យតេជោ សែន។
ថ្លែងទៅកាន់បងប្អូនអតីតយុទ្ធជន ក្នុងអង្គពិធីដ៏ឱឡារឹកនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ចាមទាំងមូល។ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានស្នើដល់មូលដ្ឋានត្រូវថែទាំ និងយកចិត្តទុកដាក់សុខទុក្ខជូនអតីតយុទ្ធជនឲ្យបានទាន់ពេលវេលា ព្រោះពួកគាត់បានចូលរួមពលី និងលះបង់ ដើម្បីជាតិច្រើនណាស់។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ដោយឡែកថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត ធ្វើការគ្រប់គ្រងដីសម្បទានសង្គមកិច្ច ដែលរដ្ឋប្រគល់ឲ្យដើម្បីបែងចែកជាឡូត៍ នឹងស្នើសុំសម្តេចតេជោ ហ៊ុន សែន កសាងផ្ទះជូនបងប្អូនសមាជិកដែលអត់ដីអត់ផ្ទះ។
ជាមួយគ្នានោះដែរទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ឯកឧត្តមក៏បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខ អតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា ដើម្បីជាការដឹងគុណ និងជាការតបស្នងនូវគុណបំណាច់យ៉ាងធំធេងរបស់អតីតយុទ្ធជន ចំពោះជាតិ មាតិភូមិ និងប្រជាជនកម្ពុជា៕