អាវុធហត្ថ បញ្ជូនខ្លួនជនង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ 1X-4771 ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខន ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ បច្ចុបន្ន ស្នាក់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ 1X-4771 កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងជើងបូរីហ្គោដឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ចាន់ លីនដា ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី រូបខ្លួនបានលេងល្បែងចាញ់លុយអស់ ហើយរូបខ្លួនបានអង្គុយមើលគេ ពេលនោះស្រាប់តែឈ្មោះ ជី ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានបបួលរូបខ្លួនទៅលួចម៉ូតូ ហើយឈ្មោះ ជី បាននាំរូបខ្លួនទៅក្រៅកាស៊ីណូ និងបានយកទួឡឺវីស ពណ៌ ខៀវ ១ដើម ដង្កាប់ពណ៌ខៀវ១ដើម មកបង្រៀនខ្លួនពីរបៀបកាច់សោករម៉ូតូ រហូតដល់វេលាម៉ោងប្រហែល១៧និង៣០នាទី ថ្ងៃដដែលឈ្មោះ ជី បានដឹករូបខ្លួនទៅកន្លែងមួយដើម្បីចាំមើលម៉ូតូណាចតទុកចោល ខ្លួននឹងធ្វើសកម្មភាពលួចតែម្ដង។ បន្ទាប់មករូបខ្លួនបានលួចកាច់សោករម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលចតទុកនៅមុខបន្ទប់ ហើយជិ:ចេញ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះស្រែកឆោឡោ ហើយប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង។ ក្រោយទទួលបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកម៉ូតូជាវត្ថុតាងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្រោយពីបញ្ចប់ការស៊ើបសង្កេត និងយោងលើរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីចាត់បន្តការតាមនីតិវិធី ៕