ជនដៃដល់ សម្លាប់ប្រពន្ធ និងកូន នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ និងកូន នៅចំណុចភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនគរបាលជំនាញផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបាននាវេលាម៉ោង១:៤០នាទីរសៀលចុងសប្តាហ៍នេះ។ជនសង្ស័យមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ ថ្ងៃខែឆ្នាំកំណេីត១៤–០៧–១ ៩៨៣ ។ចំណែកជនរងគ្រោះជាប្រពន្ធនិងកូនមានឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ ៣២ឆ្នាំ និងកូនស្រី ឈ្មោះ អឿន ចន្ទ សីម៉ា អាយុ២ឆ្នាំ។
ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះ បន្ទាប់ក្រោយពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានក្រសួងមហាផ្ទៃ នៃអគ្គស្នងការនគរបាលជាតិ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង, លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងវរសេនីយ៍ឯក ឆាន់ គឹមលី បានដឹកនាំកិច្ចសហប្រតិបត្តិការនេះ ព្រមទាំងមានការសហការពីនាយកដ្ឋាននគរបាលកណ្តាលសន្តិសុខ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានសាកសួរមនុស្សមួយចំនួន និងឆ្លងតាមជំនាញបានកំណត់ទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅខេត្តសៀមរាប ប៉ុន្តែជនសង្ស័យខាងលើត្រូវបានបន្តរត់គេចខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ។បន្ទាប់មកកម្លាំងជំនាញរបស់យើងបានចង្អុលបង្ហាញ និងកំណត់ទីតាំងយ៉ាងច្បាស់លាស់ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅចំណុចភូមិចាន់គិរី សង្កាត់ប៉ោយម៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយចាប់ខ្លួនជនដៃដល់ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្តាលដែលជាម្ចាស់ករណី អនុវត្តនីតិវិធីបន្ត៕