សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងអាជ្ញាធរ ចុះយុទ្ធានាការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងអំឡុងពេលពិធីបុណ្យភ្ចុំបិណ្ឌ ប្រពៃណីជាតិខ្មែរ
ខេត្តប៉ៃលិន ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខសុវត្ថិភាពភាព របស់ប្រជាពលរដ្ឋ ក្នុងលើកកម្ពស់សុវត្តិភាពចរាចណ៍ផ្លូវគោកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្តប៉ៃលិន យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, យុវជនស.ស.យ.ក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្តបានចុះធ្វើយុទ្ធានាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នាឱកាសពិធីបុណ្យភ្ចុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅខាងមុខអាស្រមលោកយាយយ៉ាត និងមុខផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងក្រុងប៉ៃលិន។
លោកជំទាវ ពៅ សុខ បានបញ្ជាក់ថា យុទ្ធនាការនេះគឺពិតជាបានផ្តល់នូវសារសំខាន់ជាច្រើនសម្រាប់ប្រជាពលរដ្ឋទូទៅបានយល់ច្បាស់ពីការអនុវត្តច្បាប់ចរាចរណ៍នៅប្រទេសកម្ពុជា ម៉្យាងទៀតអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាបន្តការយកចិត្តទុកដាក់ការប្រុងប្រយ័ត្ន និងការចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោករាល់ពេលធ្វើដំណើរ នៅលើដងផ្លូវជានិច្ច ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកត្រូវអនុវត្តតាមវិធានការដូចខាងក្រោម៖
១–ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា
២–មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
៣–មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
៤–ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
៥–ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត
៦–មិនត្រូវបត់ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
៧–ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត និងភ្លើងបំភ្លឺ ។ល។
៨–សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ហើយចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ
៩–មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត
១០–ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ
១១-សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួនដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិយើង។
ជាលទ្ធផលសម្រេចបាន ៖ អ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៣១៧នាក់ ស្រី ១៩២នាក់ បិតចំណាំងផ្លាត់លើម៉ូតូ ចំនួន១៤៣ ម៉ូតូ, បិតចំណាំងផ្លាត់លើម៉ូតូកងបី ចំនួន ២៦ ម៉ូតូ ចែកបណ្ណស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៣១៧ បណ្ណ សៀវស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន១៧៩ក្បាល និងកូនសៀវភៅស្តីពីផ្លាកសញ្ញាផ្លូវគោក ចំនួន ១៧៩ ក្បាល៕ ដោយ ៖ លោក ក្រូច ណាវី