សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបញ្ញាសាស្ត្រអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖បើសាលារៀនល្អ គេតែងតែសួររកនិងចង់ឲ្យកូនៗរបស់ពួកគេទៅរៀននៅសាលានោះ នេះគឺជាការពិតរបស់មនុស្សគ្រប់រូប ចង់ស្វែងរកគ្រូល្អ សាលាល្អ ចាំបាច់បំផុត គឺធនធានគ្រូបង្រៀននោះឯង។ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងដំណើរការនៃសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត។
លោកនាយកសាលាបញ្ញាសាស្ត្រអន្តរជាតិសាខាខេត្តបន្ទាយមានជ័យ បានលើកឡើងថា សាលាបញ្ញាសាស្ត្រអន្តរជាតិមានបាវចនា វិន័យ គុណធម៌ សុភមង្គល សិស្សានុសិស្សមិនត្រឹមតែបង្រៀនពីចំណេះដឹងទូទៅប៉ុណ្ណោះទេ ថែមទាំងបានបង្រៀនឲ្យមានវិន័យ គឺដឹងអ្វីដែលខុសអ្វីដែលត្រូវ មានគុណធម៌ សីលធម៌ ស្គាល់ខុសស្គាល់ត្រូវ ជាពិសេស សាលាបញ្ញាសាស្ត្រអន្តរជាតិ មានចក្ខុវិស័យនិងបេសកកម្មច្បាស់លាស់ ក្នុងការផ្ដល់ជូនសេវាអប់រំប្រកបដោយគុណភាពខ្ពស់ដោយសិស្ស។
លោក លី សុវណ្ណារិទ្ធ និងលោកតាបណ្ឌិត កុល ផេង បានមានប្រសាសន៍លើកឡើងថា ដើម្បីទទួលបានគុណភាពអប់រំល្អ អាស្រ័យលើកត្តារួមផ្សំគ្នាជាច្រើនរួមមាន កត្តានាយកសាលា អ្នកគ្រប់គ្រងមានចំណេះដឹង គោលដៅច្បាស់លាស់បទពិសោធន៍ ចំណេះជំនាញ មិនអាចខ្វះមួយណាបានទេ។ កត្តាគ្រូគឺជាកត្តាសំខាន់ចាំបាច់បំផុតដែលទាមទារឲ្យមានសិល្បៈក្នុងការបង្រៀន ត្រូវដឹងពីអត្តចរិតសិស្សនិងឧបនិស្ស័យរបស់សិស្ស។ កត្តាសិស្ស បើសិស្សមិនខិតខំសិក្សារៀនសូត្រមិនអាចទទួលបាននូវលទ្ធផលល្អនោះទេ មួយវិញទៀតកត្តាឪពុកម្ដាយឬអាណាព្យាបាល គឺជាកត្តាចាំបាច់តម្រូវឲ្យមានការចូលរួមត្រូវតាមដានកូនឲ្យបានជាប់ជាប្រចាំ ពិនិត្យលើកិច្ចការសាលាដែលលោកគ្រូអ្នកគ្រូបានដាក់ឲ្យ និងជួយបង្ហាត់បង្រៀនបន្ថែមទៀត កត្តាទាំងអស់ខាងលើនេះត្រូវតែដើរទន្ទឹមគ្នា ទើបធ្វើឲ្យការសិក្សាការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពល្អប្រសើរ៕