អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹក នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីជំនន់ទឹកភ្លៀងមានការកើនឡើង
ខេត្តបន្ទាយមានជ័យ៖ដោយមើលឃើញស្ថានភាពទឹកមានការហក់ឡើងគួរឱ្យព្រួយបារម្ភ ក្រោយពីភ្លៀងធ្លាក់ផ្ទួនៗគ្នាប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ សាលារៀន និងផ្លូវមួយចំនួនរងការជន់លិចនោះ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ មានមន្ត្រីជំនាញ នៃរដ្ឋបាលក្រុង ឃុំ/សង្កាត់ ភូមិ និងមានការចូលរួមពីកម្លាំងនគរបាលការពារព្រំដែនគោក បានអញ្ជើចុះពិនិត្យមើលស្ថានភាពទឹក នៅតាមបន្ទាត់ព្រំដែន ពិសេសតំបន់ដែលងាយរងគ្រោះ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីការពារនិងទប់ស្កាត់ទាន់ពេលវេលា នូវពេលមានគ្រោះទឹកជំនន់កើតឡើងធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ ។ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកនោះដែរ លោកអភិបាលក្រុង បានធ្វើការបើកមុខទឹក នៅសំណង់បង្ហៀរទឹកលើទំនប់អូរខៃដន ដើម្បីបញ្ជៀសការជន់លិចនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ។
លោកអភិបាលក្រុង បានឲ្យដឹងថា ដោយសារស្ថានភាពជំនន់ទឹកភ្លៀងនេះ មានការហក់ឡើងគួរឲ្យព្រួយបារម្មណ៍នោះ ទើបរដ្ឋបាលក្រុង សហការជាមួយក្រុមហ៊ុន អានកូ បានធ្វើការបើកទ្វារទឹក ដើម្បីបន្ធូការជន់លិច ។ជុំវិញនៃការជន់លិចនេះដែរលោកអភិបាលក្រុងបានបញ្ជាក់ថា លោកបានទាក់ទងខាងភាគីថៃហើយដែរ តែភាគីថៃបានបញ្ជាក់ថា មិនមានទឹកជំនន់នោះទេ ចំពោះការជន់លិចផ្លូវ សាលារៀន និងផ្ទះប្រជាពលរដ្ឋមួយចំនួននៅតាមបន្ទាត់ព្រំដែនកម្ពុជា–ថៃនេះ គឺជាជំនន់ទឹកភ្លៀងនោះទេ ហើយរហូតមកដល់ពេលនេះ មិនទាន់មានការជម្លាសប្រជាពលរដ្ឋទៅរកទីទួលសុត្ថិភាពនូវឡើយទេ ហើយម្យ៉ាងវិញទៀតតាមការពិនិត្យនិងតាមដានយ៉ាងយកចិត្តទុកដាក់ ពេលនេះស្ថានភាពទឹកមានការថយចុះបន្តិចហើយ សង្ឃឹមថានឹងស្រកអស់នាពេលខាងមុខដ៏ខ្លីនេះ ក្រោយពីបើកទ្វារទឹក និងភ្លៀងមិនបន្តធ្លាក់មកទៀតនោះ ។
ទន្ទឹមនោះលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅចុះលេងទឹក ហើយនៅពេលចូលគេងត្រូវដាក់មុងឲ្យបានត្រឹមត្រូវ និងត្រូវសម្អាតបរិស្ថាន ហូបចុកត្រូវអនាម័យជានិច្ច ពិសេសត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ តិចឬខាំ បង្កជាគ្រោះថ្នាក់ជាយថាហេតុណាមួយមកលើកកូនចៅរបស់ខ្លួនផងដែរ៕