អបអរសាទរ ទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា ”
បន្ទាយមានជ័យ៖ មនុស្សចាស់នៅតែជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារនិងសង្គម ការគោរពដឹងគុណមនុស្សចាស់គឺជាកតញ្ញូតាធម៌ ។ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងទិវាមនុស្សចាស់អន្តរជាតិលើកទី៣៣ ថ្ងៃទី១ ខែតុលា ក្រោមប្រធានបទ “ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា ”។ពិធីនេះបានធ្វើឡើង នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឃុន វុទ្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត និង លោកតា លោកយាយ ជនចាស់ជរាជាច្រើនរូបផងដែរ។
លោក ឃុន វុទ្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានប្រសាសន៍ថា ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ត្រូវបានរៀបចំស្របតាមគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់ ២០១៧–២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ការប្រារព្ធទិវានេះ មានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែល បានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥត គណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា មនុស្សចាស់នៅតែជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារនិងសង្គម ការគោរពដឹងគុណមនុស្សចាស់គឺជាកតញ្ញូតាធម៌ ។ រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈ របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ដើម្បីផ្សព្វផ្សាយអោយបានកាន់ទូលំទូលាយ។ ឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹង កាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹង ពីស្ថានភាព និងបញ្ហដែលមនុស្សវ័យចាស់ ប្រឈមមុខនាពេលបច្ចុប្បន្ននេះ។
ជាចុងក្រោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតឡើងជាយថាហេតុ មួយវិញទៀតប្រសិនបើឃើញមាន់ទាឈឺឬងាប់ មិនត្រូវបរិភោគនោះទេ ខ្លាចមានជំងឺផ្ដាសាយបក្សី ព្រមទាំងបានចែកជូននូវ សារុងមួយ ក្រមាមួយ និងថវិកា ៣ម៉ឺនរៀលផងដែរ៕