អភិបាលក្រុងប៉ោយប៉ែត អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាអនាម័យឲ្យបានគ្រប់ខ្នងផ្ទះ ចំណែកអ្នកដែលយកសំរាមបោះចោលនៅតាមដងផ្លូវ និងទីតាំងដីឡូត៍ទំនេរមួយចំនួនក្នុងក្រុង ត្រូវបញ្ឈប់ជាបន្ទាន់
ខេត្តបន្ទាយមានជ័យ៖ ក្រោយពីទទួលបានបទបញ្ជាយ៉ាងដាច់ណាត់ពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធទៅនឹងបញ្ហាសំរាម ដែលជាកត្តាដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងពិសេសទប់ស្កាត់ការបោះចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវសាធារណៈ និងនៅតាមទីតាំដីទំនេរ ក្នុងទីប្រជុំជនក្រុងប៉ោយប៉ែតនោះ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែត រួមនឹងអាជ្ញាធរសង្កាត់ ភូមិ ប្រជាការពារ សហការជាមួយក្រុមហ៊ុនអនាម័យ ស៊ិនទ្រី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ និងរថយន្តដឹកសំរាម បន្តចុះប្រមូលសំរាមនៅតាមបណ្ដោយផ្លូវទំនប់ក ៥ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋមួយចំនួនតូច បានជួលម៉ូតូកង់បី និងរទេះអេតចាយ ព្រមទាំងអ្នកមួយចំនួនទៀតជិះម៉ូតូកាន់យកមកទម្លាក់ចោលនៅតាមដងផ្លូវ ចំណុចខាងលើនេះ យ៉ាងព្រោងព្រាតធ្វើឲ្យជះក្លិនស្អុយអាស្រោចដល់អ្នកធ្វើដំណើរ ទោះបីអាជ្ញាធរធ្វើការទប់ស្កាត់យ៉ាងណាក្តី ក៏អ្នកទាំងនោះនូវតែបន្តលួចយកមកទម្លាក់នៅពេលយប់ ដែលមានអាកាស។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រយៈការកន្លងមកនេះអាជ្ញាធរបានចាត់កម្លាំងឲ្យតាមឃ្លាំមើល រហូតតាមទាន់ធ្វើការណែនាំជាច្រើនលើកច្រើនសារហើយដែរ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃសំរាមហាក់បីដូចជាមិនមានការថយចុះទាល់តែសោះ មានតែកើនឡើង ។ក្រោយពីទទួលបានបទបញ្ជាយ៉ាងក្តៅគគុកពីអភិបាលក្រុងមកនោះ កម្លាំងបានបន្តចុះតាមឃ្លាំមើលទាំងយប់ទាំងថ្ងៃ រហូតថ្ងៃចុងក្រោយនេះ បានតាមទាន់ធ្វើការឃាត់ខ្លួនអ្នកអូសរទេះអេតចាយ ដែលស៊ីឈ្នួលដឹកកាកសំណល់(សំរាម)តាមផ្ទះ តាមតូប និងហាងមួយចំនួន ដែលគេចវេសពីការបង់ថ្លៃសេវាឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម បានជាបន្តបន្ទាប់ យកទៅធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ផងដែរ។
អាជ្ញាធរបានបញ្ជាក់ថា តាមការបំភ្លឺពីរអ្នកស៊ីឈ្នួលដឹកកាកសំណល់នេះបានប្រាប់ថា ខ្លួនស៊ីឈ្នួលដឹកឱ្យគេយកតាមហាង តាមតូបលក់ដូរ និងផ្ទះ មួយចំនួនក្នុងមួយខែ ចំនួន ៥ម៉ឺនរៀល និងមួយចំនួនទៀតគិតជាការ៉ុង ឬ បេ ក្នុងមួយការ៉ុង ឬបេតម្លៃចាប់ពី ២ពាន់ ទៅ ៣ពាន់រៀល។ដូច្នេះហើយអភិបាលក្រុង បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានយកសំរាមមកបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ និងទីតាំងដីឡូត៍អ្នកដទៃនោះ សូមបញ្ឈប់ជាបន្ទាន់ ហើយសូមងាកមកចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យទីក្រុងយើងបានស្អាត ដោយទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត គឺផ្ដើមចេញពីយើងទាំងអស់គ្នា ៕