ចាប់ឃាត់ខ្លួនជនដៃដល់ ដែលសម្លាប់សង្សារបស់ខ្លួន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានហើយ
ខេត្តស្វាយរៀង៖ករណីឃាតកម្ម កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយឈ្មោះ លឿង ផល្លី ហៅ លឹប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ដែលបានធ្វើសកម្មភាពយកកាំបិតបុង័តោ កាប់ទៅលើសង្សាររបស់ខ្លួន ឈ្មោះ ជឿន ស្រីហុង ភេទស្រី អាយុប្រហែល ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់នោះ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតោ កាប់សម្លាប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌ និងជនរងគ្រោះសុំបែក ទៅមានសង្សារថ្មី។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕