សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តប្រាង្គប្រាសាទរាម “ត្រាង” ឃុំបន្ទាយនាងស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖កុដិ១ខ្នងទំហំ៨m×១២m កំពស់២ជាន់ ដែលបានសាងសង់រួចជាស្ថាពរ ក្នុងវត្ត ប្រាង្គប្រាសាទរាម “ត្រាង” ស្ថិតនៅក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណាយថវិកាអស់ចំនួន ៧៥,៧០០ដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ការរីកចម្រើនលូតលាស់សមិទ្ធផលនានាជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលិញ គឺជាកម្លាំងចលករមួយដ៏រស់រវើក របស់សង្គមជាតិយើង ដូចនេះការលុបបំបាត់ព្រះពុទ្ធសាសនា និងវត្តអារាម នៅអន្លង់របស់កម្ពុជាប្រជាធិបតេយ្យ គឺជាការបំផ្លាញរាល់តំលៃខាងស្មារតី សម្ភារៈរបស់ព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរជាទីបំផុត ធ្វើឲ្យឆន្ទៈមនុស្សម្នាក់ៗ ប្រកាន់ភាពហឹង្សាមកដាក់ខ្លួន ហើយរំលោភជិះជាន់កេងប្រវ័ញ្ច កាប់សម្លាប់ លួច ឆក់ ប្លន់ជាដើម។
ជាមួយគ្នានោះលោក អោម ចន្ថា ក៏បានថ្លែងនូវអគុណចំពោះសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាងនូវសមិទ្ធផលនានាក្នុងវត្ត នេះបានរួចរាល់ជាស្ថាពរទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការក៏ដូចជា កំណប់ទ្រព្យសម្រាប់ជាតិក្រោយៗផងដែរ។ចុងក្រោយលោកអភិបាលរងខេត្តក៏បានផ្ដាំផ្ញើ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឲ្យបានតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជៀសការឆ្លងកូវីដ១៩ និងក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ ៕