បុរសម្នាក់ ដើរចូលព្រៃបេះបន្លែ នៅតាមបន្ទាត់ព្រំដែន ជាអកុសលជាន់មីនដែលសល់ពីសម័យសង្គ្រាមផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធា ចូលជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីហូបបាយថ្ងៃត្រង់រួច បុរសម្នាក់បានដើរចូលព្រៃបេះបន្លែ ជាអកុសលជាន់មីនដែលនៅសេសសល់កាលពីសម័យសង្គ្រាមផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែន និងកម្លាំងយោធា ចុះជួយសង្គ្រោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម នៅបន្ទាត់ព្រំដែន ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក មុខរបរជាកសិករ ។នៅមុនពេលកើតហេតុក្រោយបាយថ្ងៃត្រង់រួចជនរងគ្រោះបានឆ្លៀតដើររកបេះបន្លែក្នុងព្រៃ ដកផ្សិត និងជីកទំពាំង ក៏ស្រាប់តែជាន់ផ្ទុះមីនដែលនៅសេសសល់កាលពីសម័យសង្គ្រាម បណ្តាលឲ្យរងរបួសធ្ងន់ដោយដាច់ជើងឆ្វេង ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយកម្លាំងយោធា (ក.អ.ធ.ទី១សឹករងស្រុកថ្មពួក) ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយនាំគ្នាយកអង្រឹងសែងដាក់រថយន្តដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ហើយបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ករណីគ្រោះថ្នាក់ដោយសារមីននេះ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ នគរបាលការពារព្រំដែនគោកលេខ៨០៧ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបន្ទាត់ព្រំដែន ដែលដើររកអនុផលព្រៃឈើ សូមកុំឲ្យចូលព្រៃដែលសង្ស័យថា មានមីនឬក៏មានស្លាកសញ្ញាគ្រោះថ្នាក់ឲ្យសោះ នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬក៏រងរបួសជាដើម ៕