សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហម ជូនដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ លោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។
លោក លី សារី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។ សម្រាប់ឆ្នាំកន្លងមកទោះបីជាមានបញ្ហាប្រឈមធំៗដូចជាជំងឺ covid 19 ក៏ដោយ កកាកបាទក្រហមកម្ពុជា និងមិនបង្អែបបង្អង់ មិនបញ្ឈប់សកម្មភាពឡើយមមានតែខិតខំលើកកម្ពស់គុណតម្លៃ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើគ្រប់យ៉ាងឲ្យស្មារតីនៃការរស់នៅបែបគន្លងថ្មី ក្នុងស្ថានភាពបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសជាតិឡើងវិញ លើគ្រប់វិស័យក្នុងស្មារតីដោះស្រាយការលំបាក លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។ កាកបាទក្រហមបានបំផុសកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋានឲ្យចូលរួមជាមួយសមាគមជាតិ តាមរយៈយុទ្ធនាការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋនិងពង្រឹងភាពធន់ក្នុងសហគមន៍។
លោក លី សារី មានប្រសាសន៍បន្តថា គោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហមកម្ពុជារួមមាន
១. ភាពមនុស្សធម៌ កើតឡើងដោយបំណងប្រាថ្នា សំដៅជួយជនរងគ្រោះ ងាយរងគ្រោះ មិនប្រកាន់ពូជសាសន៍ មិនបែងចែក ឬរើសអើង។
២.មិនលំអៀង ជាភាពមិនបែងចែក រើសអើងសញ្ជាតិពូជសាសន៍ វណ្ណៈ ឬនិន្នាការនយោបាយឡើយ។
៣. អព្យាក្រឹត្យភាព មិនចូលរួមក្នុងការវែកញែករកខុសត្រូវក្នុងបញ្ហានយោបាយ ជំនឿសាសនា ឬមនោគមវិជ្ជា ។
៤. ឯករាជ្យភាព ចលនាត្រូវតែឯករាជ្យទោះជាជំនួយការឲ្យរដ្ឋាភិបាលខាងសេវាកម្មមនុស្សធម៌ និងស្ថិតនៅក្រោមច្បាប់របស់ប្រទេសណាក៏ដោយ ក៏ជានិច្ចកាលត្រូវតែរក្សាស្វាយភាពរបស់ខ្លួន។
៥. សេវាកម្មស្ម័គ្រចិត្ត គឺជាអង្គភាពសង្គ្រោះដោយស្ម័គ្រចិត្តដែលមិនមែនធ្វើសកម្មភាព ដោយសារតែចង់ជំនិញនោះឡើយ។
៦. ឯកភាព សមាគមជាតិនោះ ត្រូវតែបើកចំហជូនជនគ្រប់រូប ហើយត្រូវបំពេញភារកិច្ចមនុស្សធម៌ នៅទូទាំងប្រទេស និងទី៧ សាកលភាព ចលនាកាកបាទក្រហមមានការទទួលខុសត្រូវក្នុងការជួយគ្នាទៅវិញទៅមក គឺជាលក្ខណៈសកល ។
គួរបញ្ជាក់ថា ក្នុងវគ្គផ្សព្វផ្សាយស្ដីពីចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមនោះផងដែរ លោកស្រី មន្ត្រីសាខាកាកបាទក្រហមខេត្ត បានឡើងធ្វើបទបង្ហាញពីប្រវត្តិសង្ខេបរបស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដើម្បីបានយល់ជ្រាបដល់ក្រុមនិស្សិតនៃសាកលវិទ្យាល័យជាតិមានជ័យ៕