នគរបាលក្រុងប៉ោយប៉ែត ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកដំណើរ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណ:
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលគ្រប់ក្រុង–ស្រុក ត្រូវទប់ស្កាត់បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសត្រូវធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ មានកម្រិតទាបបំផុត។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់តាំងលោកវរសេនីយត្រី ស៊ិន ដូនី នាយផ្នែកសណ្តាប់ធ្នាប់ក្រុង ដឹកនាំកម្លាំង ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់នៅតាមទីប្រជុំជន ដងផ្លូវសាធារណ: ជុំវិញផ្សារត្រី។
ទន្ទឹមគ្នានោះ កម្លាំងនគរបាលជំនាញក៏បានធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដល់ពលរដ្ឋអ្នកដំណើរ បើកបរម៉ូតូ រថយន្ត បង្កើនការយល់ដឹង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ។ ក្រៅពីនេះក៏បានចុះជួយសម្រួលចរាចរណ៍ជូនសិស្សតាមសាលារៀនផងដែរ៕