នគរបាលឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធករណីយកដាវសាម៉ូរ៉ៃវាយកាប់ចាក់គ្នា និងកាប់បំផ្លាញម៉ូតូគូរជម្លោះ នៅសួនមានជ័យ ក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំនុចវេទិការសួនមានជ័យ ស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃអាទិត្យ។
ជនសង្ស័យទាំង៧នាក់រួមមាន ១–ឈ្មោះ សួន អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ,២–ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ,៣–ឈ្មោះ អុល សំណាង អាយុ១៤ ៤–ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥–ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ ៦–ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ ៧–ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ពាក់ព័ន្ធនឹងករណីហិង្សា និងធ្វើអោយខូចខាត។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣វេលាម៉ោង២៣:៣០នាទី មានក្មេងទំនើង២ក្រុមបានឈ្លោះទាស់ទែងគ្នា និងបានយកដាវសាំម៉ូរ៉ៃដេញកាប់គ្នាផ្អើលគេឯងនៅចំនុចសួនវេទិកាមានជ័យ ក្រុងសិរីសោភ័ណ មនុស្សរត់អស់ ទើបកាប់បំផ្លាញឲ្យខូចខាតម៉ូតូ២គ្រឿង របស់គូរជម្លោះ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្នុងការសួរនាំរបស់នគរបាល ដើម្បីមានចំណាត់ការបន្ត៕