ប្រជាពលរដ្ឋស្នើសុំអភិបាលខេត្តបន្ទាយមានជ័យ និងមន្ទីជំនាញដែលពាក់ព័ន្ធ ពិនិត្យ និងសម្រួលធ្វើផ្លូវប្រវែងជាង២០គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ឃុំសំបួរ ស្រុកមង្គលបូរី ខណៈរងការខូចខាត និងជួបការលំបាករយៈពេល២ឆ្នាំមកហើយ
បន្ទាយមានជ័យ៖រយៈពេល២ឆ្នាំមកហើយពោលគឺនៅអំឡុងឆ្នាំ២០២២និងឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងដឹកផលដំណាំផ្សេងៗ ដោយសារផ្លូវដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ដល់ឃុំសំបួរ ស្រុកមង្គលបូរី ប្រវែងជាង២០គីឡូម៉ែត្ររងការខូចខាតនិងជួបការលំបាកក្នុងស្ថានភាពធ្ងន់ធ្ងរ ។
ប្រជាពលរដ្ឋស្នើសុំឲ្យអភិបាលខេត្តបន្ទាយមានជ័យនិងមន្ទីជំនាញដែលពាក់ព័ន្ធជួយពិនិត្យ និងសម្រួលផ្លូវនេះជូនពួកគាត់ឲ្យបានធ្វើដំណើរនិងដឹកកសិផលទៅមកបានស្រួលផង ព្រោះថាបច្ចុប្បន្ននេះរងការខូចខាតធ្ងន់ធ្ងរចាប់ពីឃុំគោកបល្ល័ង្គដល់ឃុំសំបួរ ដែលមានផ្លូវកៅស៊ូមួយកំណាត់និងផ្លូវក្រាលគ្រួសក្រហមមួយកំណាត់ ដែលខូចខាតធ្ងន់ធ្ងរប្រជាពលរដ្ឋជួបការលំបាកធ្វើដំណើរនិងសិក្សានុសិស្សទៅសិក្សា។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ផ្លូវ១ខ្សែប្រវែងជាង២០គីឡូម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ឃុំបន្ទាយនាងឆ្លងកាត់ឃុំគោកបល្ល័ង្គនិងឃុំសំបួរដែលជាផ្លូវសម្រាប់ប្រជាពលរដ្ឋដឹកកសិផលនិងសិក្សានុសិស្សទៅសិក្សា ដែលកំពុងរងការខូចខាតរយៈពេល២ឆ្នាំមកហើយតែនៅឆ្នាំ២០២៣នេះខូចខាតធ្ងន់និងជួបការលំបាកពីចំណុចឃុំគោកបល្ល័ង្គដល់ឃុំសំបួរ។
លោកបានបញ្ជាក់ថា៖ផ្លួវ១ខ្សែដែលរងការខូចខាតមួយកំណាត់ផ្លូវចាក់កៅស៊ូដែលគ្រប់គ្រងថែទាំងដោយមន្ទីអភិវឌ្ឍន៍និងជនបទខេត្ត ផ្លូវមួយកំណាត់ទៀតផ្លូវគ្រួសក្រហមដែលថែដោយមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្ត ក្រោយរងការខូចខាតរដ្ឋបាលស្រុកមង្គលបូរីបានរាយការណ៍ទៅរដ្ឋបាលខេត្តនិងស្នើសុំទៅមន្ទីពាក់ព័ន្ធខាងលើជួយសម្រួលនិងជួសជុលឡើងវិញដែរតែមិនទាន់ឆ្លើយតមនៅឡើយទេទ្រាំលំបាកសិនទៅបងប្អូន៕