សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យ
ខេត្តកណ្តាល៖ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបាននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ដើម្បីអោយប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។
ក្នុងនោះសម្តេចធិបតី បានជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។
ទន្ទឹមនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល និងត្រូវសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈលើ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគ្រោងនឹងដំណើរការ ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ៕ដោយ ៖ លោក ម៉ង់ អង្គារ