ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្ត ដែលក្រសួងដាក់ចេញក្នុងការពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត
ខេត្តព្រះវិហារ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមណ្ឌលសុខភាពភ្នំដែក និងមន្ទីរពេទ្យបង្អែកខេត្ត១៦មករា នៃខេត្តព្រះវិហារ ក្នុងការអនុវត្តយុទ្ធសាស្រ្តអាទិភាពចម្បងរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំឱ្យបានកាន់តែប្រសើរទាំង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងរូបភាពវេជ្ជសាស្ត្រ សម្រាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាអនុសាសន៍ដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តយុទ្ធសាស្រ្តគន្លឹះ ៩ ចំណុច និងអាទិភាព ៣ចំណុច ដែលក្រសួងសុខាភិបាល បានដាក់ចេញក្នុងការ ពង្រឹងមណ្ឌលសុខភាព ពង្រឹងគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌តាមមន្ទីរពេទ្យស្រុក ខេត្ត និងពង្រឹងស្ថាប័ន តាមរយៈបន្តខិតខំចូលរួមរៀនសូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រ រួមទាំងចូលរួមឱ្យបានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលក្រសួងបានរៀបចំរៀងរាល់សប្តាហ៍ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាល សម្រាប់ថ្នាក់រាជធានី–ខេត្ត។
ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖
១–ការពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាមន្រ្តីរាជការល្អ
២-ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច (មូលនិធិសមធម៌)
៣-ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋម និងនវានុវត្តន៍
៤–បង្កើនការអប់រំសុខភាព សេវាបង្ក និងការផ្សព្វផ្សាយ
៥–ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត
៦–ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្ត
៧–ពង្រឹងកិច្ចសហការពហុវិស័យ និងអន្តរវិស័យ ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៨–កសាងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង
៩–ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល៕