ពលរដ្ឋខ្មែរដែលចូលចេញប្រកបរបររកទទួលទានក្នុងទឹកដីថៃ បានសម្ដែងការមិនសប្បាយចិត្ត ក្រោយពីរថ្នាក់ដឹកនាំតម្រូវឲ្យបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា-ថៃ (បរិផាស) តម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីរដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធបន្ថែមQR Code នៅលើប័ណ្ណព្រំដែនកម្ពុជា–ថៃ (បរិផាស) នោះ នាចុងសប្តាហ៍នេះ ក៏ស្រាប់តែមានការកកស្ទះ ឈរទម្រង់ជួរយូរ ចាប់ពី១ម៉ោងកន្លះ ដល់២ម៉ោង ឈររួយជើង ខ្លះមានកូនតូចៗទៅជាមួយ ក្តៅស្រែកយំផងដែរ ហើយម្យ៉ាងទៀតការចូលទៅបើកតូបលក់ដូរក្នុងផ្សាររោងក្លឿ មានការយឺតយ៉ាវ ទម្រាំតែបានបើកតូបលក់ សឹងនឹងដល់ម៉ោងបិទតូបត្រលប់មកផ្ទះវិញនោះជាហេតុធ្វើឲ្យពួកគាត់សំដែងការមិនសប្បាយចិត្ត មានការរិះគន់នៅលើបណ្ដាញសង្គមមួយចំនួនផងដែរ។
តែទោះយ៉ាងណានេះក្តី បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ការបន្ថែមQR Codeនៅលើប័ណ្ណព្រំដែនកម្ពុជា–ថៃ (បរិផាស) នេះ គឺក្នុងគោលបំណងដើម្បីពន្លឿនដល់ការត្រួតពិនិត្យនិងកាត់បន្ថយការកកស្ទះរបស់ប្រជាពលរដ្ឋពេលធ្វើដំណើរចេញចូល ឆ្លងកាត់ព្រំដែន នៅតាមបណ្ដោច្រកទ្វារព្រំដែន របស់រដ្ឋបាលខេត្ត ។ការបន្ថែមQR Code នេះរដ្ឋបាលខេត្តបានប្រគល់ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ធ្វើការបិទលើកប័ណ្ណព្រំដែនកម្ពុជា–ថៃ នៅមានសុពលភាព ដោយមិនតម្រូវឲ្យបង់កម្រៃសេវានោះទេ ។
ជាមួយគ្នានោះដែរ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានធ្វើការប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ដែលមានប័ណ្ណព្រំដែន នៅមានសុពលភាព សូមមកធ្វើការបិទQR Code នៅកន្លែងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្បែររង្វង់មូល ចាប់ពីម៉ោង ០៧:០០ព្រឹកដល់ម៉ោង ១១:០០ ថ្ងៃត្រង់ ពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៦:០០ ល្ងាចផងដែរ ។គិតមកដល់ថ្ងៃទី០៥ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសអាជីវករដែលលក់ដូរក្នុងផ្សាររោងក្លឿ ប្រទេសថៃ ហាក់បីដូចជាមានការធូរស្បើយច្រើន ពោលគឺមិនសូវមានការស្ទះប៉ុន្មាននោះទេ។
ពាក់ព័ន្ធករណីខាងលើនេះដែរអាជីវករខ្មែរបានស្នើសុំដល់ថ្នាក់ដឹកនាំ ពិសេសនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ពិនិត្យមើលមន្ត្រីក្រោមឱវាទផង ដោយសារពេលខ្លះក្នុងខណៈដែលកំពុងប្រថាប់ត្រាលើប័ណ្ណព្រំដែន(បរិផាស)នេះ គាត់ឆ្លៀតមើលនិងចុចទូរសព្ទ និងសុំឲ្យបន្ថែមមន្ត្រីត្រួតពិនិត្យ ប្រថាប់ត្រាឱ្យបានច្រើនជាងនេះបន្ថែមទៀត ដោយសារពលរដ្ឋចេញចូលមានចំនួនច្រើន និងជនជាតិថៃផងដែរ។ទន្ទឹមនេះដែរពួកគាត់បានសម្តែងពីការលំបាកក្នុងការរកទទួលទាន ពោលគឺលក់ដូរនៅក្នុងផ្សាររោងក្លឿ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជាយើង គឺមានការលំបាកជាងមុនច្រើន ដោយលក់មិនដាច់ សឹងរងប្រាក់បង់ថ្លៃតូបពុំបាន តែទោះជាលំបាកបែបនេះក្តីនូវតែបន្តតស៊ូបន្ថែបទៀត ដោយសារតែម្នាក់ៗ ជ្រុលតែលក់ទ្រព្យសម្បត្តិពីស្រុកកំណើតទិញទំនិញអស់ទៅហើយនោះ តែសំខាន់ឲ្យតែមានការសម្របសម្រួលឲ្យពួកគាត់បានចេញចូលស្រួលទៅបានហើយ ៕
ប័ណ្ណព្រំដែន(បរិផាស)
ប្រជាពលរដ្ឋមានមតិនៅក្នុងបណ្តាញសង្គម
រូបភាពឈរទម្រង់ជូរនៅខាងកម្ពុជា នៅពេលព្រឹក ដើម្បីវាយប័ណ្ណព្រំដែនចូលដីថៃ
ចេញពីទឹកដីថៃ ទម្រង់ជួរនៅខាងកម្ពុជាពេលយប់
រូបភាពការលក់ដូររបស់អាជីវករខ្មែរ នៅផ្សាររោងក្លឿ ប្រទេសថៃ មានការស្ងាត់
រូបភាពឈរទម្រង់ជូរនៅខាងកម្ពុជា នៅពេលព្រឹក ដើម្បីវាយប័ណ្ណព្រំដែនចូលដីថៃ