លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ ដល់មន្ត្រីក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យទាំង៣១ លោកអធិការក្រុង–ស្រុងទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ផងដែរ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ផ្សព្វផ្សាយផែនការ ស្តីពីការផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់អណត្តិទី៥ ឆ្នាំ២០២២។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវសហការឲ្យបានល្អ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ ដើម្បីបង្កលក្ខណៈងាយ ស្រួល ដល់ដំណើរការ ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើសទាំងឡាយ និងត្រូវមានក្រមសីលធម៌ល្អជាមួយប្រជាពលរដ្ឋ។
នាឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ អាវុធ ស្បៀង និងត្រូវចាត់កម្លាំងប្រចាំការយាម២៤ម៉ោងលើ២៤ម៉ោង មានទាំងកម្លាំងអន្តរាគមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាពេលខាងមុខនេះ។ ត្រូវគោរពវិន័យ០០៦ គោរពច្បាប់ និងគោរពគោលការណ៍គណកម្មការ គជប ៕