ពិធីបិទការប្រណាំងទូកង ថ្នាក់ខេត្ត នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន
ខេត្តបន្ទាយមានជ័យ ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣បានរៀបចំពិធីបិទការប្រណាំងទូកង អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។
ឯកឧត្តមបន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះមានពុកម៉ែបងប្អូនប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិពណ៌ផលិតផលខ្មែរ ការបណ្តែតប្រទីបអង្គភាពរដ្ឋនាពេលរាត្រីពេលចប់កម្មវិធីប្រណាំងទូក ។ការរៀបចំរយៈពេល២ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហាអ្វីនោះទេ កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ កម្លាំងស្នងការ កម្លាំងអាវុធហត្ថខេត្ត និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនីមួយៗបានដំណើរការដោយជោគជ័យរលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋមកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ។
ជាមួយគ្នានោះដែរឯកឧត្តម កែ គឹមយ៉ាន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរៀបចំកម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិយើង ។
ទន្ទឹមនោះ ឯកឧត្តមអ្ន្តកតំណាងរាស្ត្រក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោកផងដែរ។
ក្នុងឱកាសបិទនោះ គណៈអធិបតីក៏បានប្រគល់ពាន់រង្វានជ័យលាភី ថវិកា គ្រឿងឧបភោគបរិភោគមួយចំនួន ដល់គណៈកម្មាការទូកទាំងអស់ទៅតាមចំណាត់ថ្នាក់នីមួយៗគ្រប់ទូកទាំង២៨ ដែលបានចូលរួមប្រកួត និងផ្តល់ថវិកាឧបត្ថម្ភដល់ អនុគណៈកម្មាធិការនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវតាមផ្នែកខ្លួនផងដែរ៕