បុណ្យកឋិនទានសាមគ្គី វត្តគិរីជុំចំការខ្នុរ ក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ស្របពេលនេះរដូវកាលបុណ្យកឋិនទាន ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយ ដោយគ្រប់ទីវត្តអារាមទាំងអស់ត្រូវតែទទួលអង្គកឋិនទានបានតែ ១ដង ក្នុង១ឆ្នាំ ចាប់ពីថ្ងៃ ១រោច ខែ អស្សុជ ដល់ថ្ងៃពេញបូរមី ខែកត្តិកប៉ុណ្ណោះ គឺសរុប ២៩ ថ្ងៃ និយាយជារួមនិងនិយាយដោយឡែក សម្រាប់វត្តគិរីជុំចំការខ្នុរ ស្ថិតនៅសង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២–១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ អាជីវករជាច្រើននាក់មានសទ្ធាជ្រះថ្លា បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន័ ផ្ដួចផ្ដើមធ្វើអង្គកឋិនទានសាមគ្គីមួយ ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តគិរីជុំចំការខ្នុរ ដើម្បីប្រមូលនូវបច្ច័យ កសាងសមិទ្ធផលនានាក្នុងវត្ត និងផ្គត់ផ្គង់ព្រះសង្ឃបានរៀនសូត្រជាពិសេស គ្រោងកសាងសាលាបាលីថ្មីដែលមានទទឹង ៨ម៉ែត្រ បណ្ដោយ ១៨ម៉ែត្រ កម្ពស់ ២ជាន់ ៤បន្ទប់និងបង្ហើយបណ្ណាល័យ ដែលកសាងបានប្រមាណជា ៩០ភាគរយហើយនោះ។
ព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះរាជាថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្ត និងជាព្រះគ្រូចៅអធិការ វត្តគិរីជុំចំការខ្នុរ ព្រះអង្គមានសង្ឃដីកាថា កឋិនទានជាទានពិសេស ប្លែកពីទានទាំងពួងដោយហេតុប្រាំយ៉ាងគឺ ១.ប្លែកដោយកាលគឺបុណ្យនេះមិនអាចធ្វើរាល់ខែបានទេ ដោយមានពុទ្ធានុញ្ញាតជាពិសេសថា ១ឆ្នាំធ្វើតែ ២៩ ថ្ងៃគឺតាំងពីថ្ងៃរោច ខែអស្សុជ ទៅដល់ខែពេញបូរមី ខែកត្តិកប៉ុណ្ណោះ។ ក្នុងរយៈពេល ២៩ ថ្ងៃនេះ ពុទ្ធបរិស័ទធ្វើក្នុងថ្ងៃណាមួយក៏បានហើយមួយវត្តធ្វើបានតែមួយដងក្នុងមួយរដូវ។ តាមជំនឿពីបុរាណកាលដែលចាស់ៗតែងនិយាយថា អ្នកដែលផ្ដើមនូវបុណ្យកឋិនទាននេះគឺភាគច្រើនប្ដីប្រពន្ធមានវ័យច្រើន មានរហូតដល់កូន និងចៅទើបអាចធ្វើបុណ្យនេះឡើងដោយពាក្យទាំងនេះ ជាការលើកឡើងតៗគ្នាប៉ុណ្ណោះ ព្រោះជាជំនឿមួយថា បើមិនទានមានគូរស្រករក៏មិនអាចទូលត្រៃបានដែរ។
គួរបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីវត្តគិរីជុំចំការខ្នុរ នាថ្ងៃនេះគឺទទួលបានបច្ច័យសរុបជាប្រាក់រៀលខ្មែរចំនួន ៧៨,៤៧០,០០០លានរៀល ក្នុងនោះបានចំណាយទៅលើម្ហូបអាហារ ភេសជ្ជៈ ថវិកាដែលនៅសល់ចំនួន ៥៩,១៤៧,០០០លានរៀល៕