លោកជំទាវអភិបាលខេត្តប៉ៃលិន អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំង ១៦ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រាប់ឱកាស មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។
មានប្រសាសន៍សំណេះសំណាលជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិ នាពេលនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះអាជ្ញាធរភូមិ បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។
លោកជំទាវបានមានប្រសាសន៍ថា សម្ដេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយតែងតែរស់នៅរួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវការថែរក្សាសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋយើង។
ជាក់ស្ដែង ដូចដែលយើងគ្រប់គ្នាបានឃើញស្រាប់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍន៍រីកចំរើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។
ក្នុងនោះលោកជំទាវ ក៏បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។បញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ
ទី១ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។
ទី២ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។
ទី៣ ក្តាប់អោយបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឲ្យពួកគាត់ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ទី៤ ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចជាការងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិ ការងារជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ និងការអប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងក្នុងភូមិជាដើម ៕