សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោកនាពេលខាងមុខ
(ភ្នំពេញ)៖អំឡុងពេលដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារនោះ គឺកម្ពុជាមិនត្រឹមតែធានាបាននូវសន្តិសុខស្បៀង សម្រាប់ប្រទេសខ្លួនប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានសល់ ផលកសិកម្ម និងបាននាំចេញជាង៦លានតោនក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ នេះថែមទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧បាន បញ្ជាក់ឱ្យឃើញថា កម្ពុជាយើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងនឹងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករយើង។ឆ្នាំនេះ ស្រូវមានតម្លៃល្អ បើប្រៀបធៀបជាមួយឆ្នាំមុន ដែលមានតម្លៃចាប់ពី ១០០០រៀល ទៅ ១៣០០រៀល ខណៈតម្លៃជី និងសម្ភារៈកសិកម្មមួយចំនួនមានការធ្លាក់ចុះ។
ជាមួយគ្នានោះដែរសម្តេចធិបតី ក៏បានជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោកនាពេលខាងមុខ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជានៅរាជធានីភ្នំពេញ និងតាមទីក្រុងភាគច្រើននាំគ្នាទិញផលិតផល ចំណីអាហារ តាមប្រព័ន្ធឌីជីថល អនឡាញ ដែលនេះជាមូលហេតុពលរដ្ឋមិនសូវទៅផ្សារដោយផ្ទាល់ដូចមុននោះទេ។
ទន្ទឹមនោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងថា នៅក្នុងការធ្វើពាណិជ្ជកម្មក្នុងពិភពលោកបច្ចុប្បន្នត្រូវគោរពតាមច្បាប់ស្ដីពីការប្រកួតប្រជែងក្នុងទីផ្សារសេរី ហេតុនេះ យើងត្រូវធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ស្មារតីប្រកួតប្រជែងក្នុងទីផ្សារសេរី ដែលនាំឱ្យបាត់ទីផ្សារ។ រដ្ឋាភិបាលកម្ពុជាតិ មិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះវាប៉ះពាល់ដល់ច្បាប់ នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី។សម្ដេចធិបតី បានបន្តទៀតថា គោលដៅរបស់រដ្ឋាភិបាល បានកំណត់ថា កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែវាផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វអោយបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារជាតិ និងអន្តរជាតិ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រីកកសិកម្មជាលក្ខណៈគ្រួសារឲ្យទៅជាកសិឧស្សាហកម្មអោយបានកាន់ច្រើន៕