នគរបាលបង្ការពន្លត់អគ្គិភ័យ ចុះបង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យនិងសង្រ្គោះបឋម ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ ក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ លោកវរសេនីយ៍ឯក ពិន សេរី នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ ស្តីពីការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យដែលតែងតែកើតឡើង បង្កឲ្យមហន្តរាយផ្ទះសំបែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ វឹក វើន នាយរងារិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ បានដឹកនាំកម្លាំងជំនាញចុះបង្ហាត់បង្រៀន ពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតសកលវិទ្យាល័យបៀលប្រាយ ចំនួន១១០នាក់ ស្រីចំនួន ៦៥នាក់ ស្ថិតក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ វឹក វើន បានឲ្យដឹងថា៖បញ្ហាគ្រោះអគ្គីភ័យ ជាគ្រោះមហន្តរាយមួយដ៏ធំ ដែលច្រើនកើតឡើងញឹកញាប់ដោយការឆ្វេសប្រហែសរបស់មនុស្ស ។ដើម្បីឲ្យមានការយល់ដឹងទាំងអស់គ្នានិងចូលរួមទប់ស្កាត់នោះ ការិយាល័យជំនាញជាគ្រូបង្គោលបានចុះបង្រៀនពីវិធានការបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបឋម ដល់កម្មកររោងចក្រ និងគ្រឹះស្ថានឯកជន ជាក់សតែងនាថ្ងៃនេះ ក្រុមការងារបានចុះបង្រៀនដល់សាកលវិទ្យាល័យ បៀលប្រាយ ដោយលើកយកខ្លឹមសារនៃមេរៀនគឺ១/ទ្រឹស្តីទូទៅអំពី អគ្គិភ័យ, ២/អំពី របៀបប្រើប្រាស់ពិនិត្យមើលគុណភាព និងរក្សាទុកបំពង់ពន្លត់អគ្គិភ័យ ,៣/អំពីរបៀបជម្លៀសខ្លួន និងសង្រ្គោះជនរងគ្រោះចេញពីកន្លែងកើតហេតុ និង៤/អំពីប្រកាសលេខ២៦៤៤ប្រក ស្តីពីការបង្កើតនិងការគ្រប់ គ្រងក្រុមពន្លត់អគ្គិភ័យកាតព្វកិច្ច និងក្រុមពន្លត់អគ្គិភ័យស័្មគ្រចិត្ត។
ជាមួយគ្នានោះដែរ លោកគ្រូកុល សុវណ្ណវឌ្ឍនា ក៏បានថ្លែងអគុណដល់ក្រុមការងារ ដែលបានឆ្លៀតពេលវេលា ចុះមកបង្ហាត់បង្រៀន ដល់និស្សិតនៃសាលវិទ្យាល័យបៀលប្រាយនាពេលនេះ ដើម្បីបានយល់ដឹងពីវិធានការទាំងឡាយដែលត្រូវមានការប្រុងប្រយ័ត្ន ។ជាមួយគ្នានោះ លោកគ្រូ កុល សុវណ្ណវឌ្ឍនា ក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវត្រងស្តាប់ការធ្វើបទបង្ហាញ និងក្រេបយកនូវចំណេះដឹងទាំងឡាយ ដើម្បី អនុវត្តនិងផ្សព្វផ្សាយឲ្យបានទូលាយដល់បងប្អូនបានយលដឹងទាំងអស់គ្នាផងដែរ ៕