លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញ សំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ
(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង ពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០ ទិវាកំណេីត កងយោធពលខេមភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣ – ០៩ វិច្ឆិកា ២០២៣) ។
ពិធីនេះក៏មានការអញ្ជេីញចូលរួម ពីសំណាក់ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង–ស្រុកទាំ០៩ និងអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន៧០នាក់ ក្នុងនោះអាវុធហត្ថពិការចំនួន០៥នាក់ សោធននិវត្តន៍ចំនួន៤៨នាក់ និងអាវុធនារី ចំនួន១៧នាក់។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដោយក្ដីនឹករលឹកជាទីបំផុត។
លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានលេីកឡេីងថា អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច ក្លាហាន មោះមុត និងមានគុណបំណាច់ដ៏ធំធេង ដែលបានពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ លោក បានបញ្ជាក់ទៀតថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរ:អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណ:ភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា ។
លោកឧត្តមសេនីយ៍ត្រី បន្តថា ជាមួយនឹងគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី –មណ: តាមរយៈការទំនុកបម្រុងឧបត្ថម្ភនិងជួយសម្រួលលេីកកម្ពស់ជីវភាពរបស់ពួកគាត់។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និង ពិការ ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម,ត្រីខចំនួន០២យួរ, ទឹកផ្លែឈើចំនួន០១កេស,ទឹកសុទ្ធចំនួន០២យួរ,មីចំនួន០១កេស និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕