សមិទ្ធផលផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៧៨០ម៉ែត្រ នៅស្រុកអង្គស្នួល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល
ខេត្តកណ្ដាល៖ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ រួមមាន“មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា” ដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាង ប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង ១,៧៨០ម៉ែត្រ ក្នុងនោះ ប្រវែង៥៨០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិបុរីកម្មករ និងភូមិ ព្រៃទន្លាប់ ឃុំបែកចាន និងប្រវែង ១,២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិស្វាយជ្រំ និងភូមិអណ្តូង ឃុំបែកចាន និងភូមិត្រពាំងខ្លឹម ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ បានមានប្រសាសន៍បន្តថា៖ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ នៅស្រុកអង្គស្នួលយើងនេះ គឺគ្មានទេ ផ្លូវបេតុង ឬកៅស៊ូ លូ និងស្ពាន ចំណែកលំនៅឋានប្រជាជន មិនសូវមាន និងមានជីវភាពខ្សត់ខ្សោយ។ ប៉ុន្តែស្រុកអង្គស្នួល បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុង, ស្ពាន, លូ ប្រឡាយទឹក, សាលារៀន,មន្ទីរពេទ្យ,រោងចក្រឧស្សហកម្ម, រោងចក្រកាត់ដេរសំលៀកបំពាក់, មណ្ឌលសុខភាព វត្តអារាម..។ល។ ទន្ទឹមនឹងនេះ ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៧៨០ ម៉ែត្រ ក្នុងឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។
ជាមួយគ្នានេះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានណែនាំដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់អនុវត្តនូវគោល នយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។ បន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕