ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ៥ធ្នូ ២០២៣
ខេត្តបន្ទាយមានជ័យ៖ដើម្បីរួមគ្នាសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់ស្ថាប័នមនុស្សធម៌ កាកបាទក្រហមកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់ក្រុមអ្នកស្ម័គ្រចិត្ត និងក្មួយៗដែលជាយុវជនកាកបាទក្រហមកម្ពុជា។ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវា ជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ឆាន់ ចាន់សោភា ដែលជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម។
បើតាម របាយការ សង្ខេបរបស់ លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាបានបញ្ជាក់ថា ក្រុមយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់ជាកម្លាំងចលករពុំអាចខ្វះបានរបស់ចលនា និងបានបំពេញការងារមនុស្សធម៌យ៉ាងសកម្មជាមួយ សាខាកាកបាទក្រហមលើវិស័យអាទិភាពទាំង៤រួមមានៈ
១ – ការគ្រប់គ្រងគ្រោះហន្តរាយការ អាកាសធាតុ
២ – ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣ – លើកកម្ពស់គោលការណ៍គ្រឹះនិង តម្លៃ មនុស្សធម៌ និង
ទី៤ – ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។
លោកជំទាវ ឆាន់ ចាន់សោភា បានឡើងអាននូវសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិង ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តកាកបាទក្រហមក្រោមប្រធានបទស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍ដែលមានអត្ថន័យខ្លឹមសារថា ការប្រារព្ធទិវាអ្នកស្ម័គ្រចិត្តដ៏មានសារៈសំខាន់នេះមានគោលបំណងសម្តែងនូវការទទួលស្គាល់នូវស្នាដៃនិងផ្តល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្តនៅពេលវេលារបស់អ្នកស្ម័គ្រ ចិត្ត រាប់លាននាក់នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាននៅថ្នាក់ជាតិនិងអន្តរជាតិដែលកំពុងរួមកម្លាំងសាមគ្គីគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹក និងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុនោះទៀតសុខុមាលភាពសង្គម អោយរីកចម្រើនក្នុង សុខសន្តិភាពរបស់ភពផែនដីយើងនេះ។
តំណាងយុវជនកាកបាទក្រហមកម្ពុជានៅតាមគ្រឹះស្ថានសិក្សា និងអ្នកស្ម័គ្រចិត្តនៅតាមភូមិ ឃុំ សរុបជាង៥ម៉ឺននាក់ ទូទាំងប្រទេសសូមថ្លែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនអ្នកស្ម័គ្រចិត្ដយុវជនកាកបាទក្រហមទាំងអស់ដែលបានខំប្រឹងប្រែងយ៉ាងស្វិតស្វាញដោយពុំខ្លាច នឿយហត់ជម្នះរាល់ឧបសគ្គនិងបញ្ហាប្រឈមនានាចូលរួមយ៉ាងសកម្មក្នុងការងារសង្គមនិងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនឹងការលើកកម្ពស់សីលធម៌សង្គម លើកកម្ពស់វប្បធម៌អហិង្សា និងសន្តិភាព លើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះអប់រំផ្សព្វផ្សាយបន្សាំខ្លួន នឹងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំសង្កាត់ ដោយផ្ទាល់តាមខ្នងផ្ទះធ្វេីសកម្មភាព មិត្តអប់រំមិត្ត និង មិត្តជួយមិត្ត៕