នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង០៤ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលលាយបូរ សហការជាមួយ កម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោក វរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង ក្រោយពីសមត្ថកិច្ច ចុះល្បាតតាមដងផ្លូវសំខាន់ៗ លុះមកដល់ចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់: ១.ឈ្មោះ ទួន សំណាង ភេទប្រុស អាយុ ១៩ឆ្នាំ
២.ឈ្មោះសាយ នី ភេទប្រុស អាយុ ២៥ឆ្នាំ ទាំងពីរនាក់រស់នៅភូមិសែនបន ឃុំលាយបូរ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ០១កញ្ចប់ ម៉ូតូ ០១គ្រឿង ថង់សម្រាប់វេចខ្ចប់មួយចំនួន ។ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន រួចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងមក អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ លោក ផូង បញ្ញា