ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី​លួចម៉ូតូ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣​ ​នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ តាមពាក្យបណ្តឹងរបស់ឈ្មោះ ស្រេង ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។

លោក វរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សីរសោភ័ណ​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ រ៉ូន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកបន្តថា​ នៅថ្ងៃកេីតហេតុ​ជនសង្ស័យ​បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ ជនរងគ្រោះ​ ដែលទុកនៅមុខតូបលក់ឥវ៉ាន់របស់ខ្លួនជាប្រចាំ លុះដល់វេលាកេីតហេតុស្រាប់តែបុគ្គលិកបានប្រាប់ថាជនរងគ្រោះថា ម៉ូតូដែលទុកនៅមុខតូបបានបាត់​ ភ្លាមនោះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។ ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបានហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ខាងលើ ព្រមទាំងដកហូតវត្ថុតាង ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំ​ និងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ​ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ​ ទី១២ ខែធ្នូ​​​​ ឆ្នាំ​២០២៣​ ដើម្បីអនុវត្តតាមនីតិវិធី​។ ចំណែកម៉ូតូត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌប្រគល់ជូនជនរងគ្រោះវិញហេីយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button