ប្រជាពលរដ្ឋ ពិសេសអាជីវករនិងកម្មករ ដែលចេញចូលប្រទេសថៃឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្នើឱ្យថ្នាក់ដឹកនាំជួយសម្រួលធ្វើកាត ចូលព្រឹកចេញល្ងាច ដូចកាលពីមុនផ្ទុះជំងឺកូវីដឡើងវិញ ខណៈដែលស្ទះកម្រង់ជួរយូរមិនធ្លាប់កើតមានឡើង
ខេត្តបន្ទាយមានជ័យ៖ក្រោយពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ បានធូរស្បើយថ្នាក់ដឹកនាំកម្ពុជា–ថៃ បានអនុញ្ញាតឱ្យពលរដ្ឋចេញចូលរកទទួលទានធម្មតាឡើងវិញ តែតម្រូវឲ្យធ្វើសៀវភៅឬប័ណ្ណព្រំដែន(បរិផាស) អាចស្នាក់នៅ និងចូលព្រឹកចេញល្ងាចបាន ជាហេតុធ្វើឲ្យពួកគាត់ជួបការលំបាកទាំងការធ្វើសៀវភៅយូទម្រាំតែបាន និងការប្រថាប់ត្រាចេញចូលក៏មានការយឺតយ៉ាវតម្រង់ជួរយូរ ជាក់ស្ដែងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅកន្លែងប្រថាប់ត្រាច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការឈរតម្រង់ជួរកកស្ទះជាខ្លាំងដែលកន្លងមកមិនធ្លាប់កើតមានឡើង។
ប្រជាពលរដ្ឋដែរចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាប្រចាំ ពិសេសកម្មករ និងអាជីវករតែម្តង បានលើកឡើងថា កាលពីមុនផ្ទុះជំងឺកូវីដ១៩ ពលរដ្ឋចេញចូលរកទទួលទានក្នុងទឹកដីថៃ ងាយស្រួលកម្រស្ទះ តម្រង់ជួរបែបនេះណាស់ យូរៗស្ទះខាងភាគីថៃម្ដងដោយសារមេគេចុះត្រួតពិនិត្យ ព្រោះថាកាលនោះសម្រាប់អ្នកស្នាក់នៅចាំបាច់ត្រូវធ្វើសៀវភៅឬប័ណ្ណព្រំដែន(បរិផាស ប្រថាប់ត្រាម្ដងស្នាក់នៅក្នុងទឹកដីថៃបានមួយសប្តាហ៍ ។ចំណែកអ្នកដែលចូលព្រឹកចេញល្ងាច ត្រូវប្រើកាតមានសុពលភាព ៦ខែធ្វើម្ដង ដោយចូលក្នុងទឹកដីថៃមួយដងអស់ ១០០រៀល (ប្រាក់ខ្មែរ) ចង់ចូលឬចេញមួយថ្ងៃប៉ុន្មានដងក៏បាន តែកំណត់បានត្រឹមតែផ្សាររោងក្លឿជាប់ព្រំដែនកម្ពុជាតែប៉ុណ្ណោះ។
ក្រោយពីជំងឺកូវីដ បានសាបរលាបបើកឲ្យដំណើរការធម្មតាឡើងវិញនោះ ក៏ស្រាប់តែតម្រូវឲ្យធ្វើសៀវភៅឬប័ណ្ណព្រំដែន(បរិផាស) ដោយប្រថាប់ត្រាម្ដងស្នាក់នៅបានមួយសប្តាហ៍ ចំណែកអ្នកចូលព្រឹកចេញល្ងាច ចូលប្រថាប់ត្រា ចេញប្រថាប់ត្រា ងាយនឹងអស់សន្លឹកសៀវភៅ ធ្វើឲ្យពួកគាត់ពិបាកនឹងការចេញមកធ្វើបន្ត ហើយរយៈការចុងក្រោយនេះរាល់ប័ណ្ណព្រំដែន(បរិផាស) តម្រូវឲ្យមានឃ្យូអកូត(QR)បន្ថែមទៀត ជាហេតុធ្វើឲ្យពួកគាត់កាន់តែលំបាកជាន់ពីលើបន្ថែមទៀតបែបនេះ ។ដូច្នេះពួកគាត់ស្នើឱ្យថ្នាក់ដឹកនាំជួយសម្រួលធ្វើកាត ចូលព្រឹកចេញល្ងាច ដូចកាលពីមុនផ្ទុះជំងឺកូវីដ១៩ ឡើងវិញ ដើម្បីងាយស្រួលក្នុងការចេញចូលរកទទួលទាន ពិសេសអាជីវករលក់ដូរក្នុងផ្សាររោងក្លឿ ទម្រាំតែបានចូលបើកតូបលក់សឹងហ្នឹងដល់ម៉ោងចេញមកផ្ទះវិញ ទាំងនេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ ខណៈដែលបច្ចុប្បន្នការរកទទួលទាន នៅផ្សាររោងក្លឿ ប្រទេសថៃដែលជាប់ព្រំដែនកម្ពុជា លក់មិនដាច់ថ្លៃតូបក៏ថ្លៃ ពិបាកជាងពីមុនឆ្ងាយណាស់។
ពាក់ព័ន្ធនិងការកកស្ទះ ឈរកម្រង់ជួរយូរនេះ មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា ការកកស្ទះនេះគឺដោយសារម៉ាស៊ីនស្គេន ចាប់ឃ្យូងអកូដ(QR) មិនសូវបាន ។ចំពោះមន្ត្រីនគរបាលយើងដែលកំពុងប្រថាប់ត្រាវិញនោះ មានចំនួន ៥នាក់ កំពុងមមាមញឹកជាខ្លាំងផងដែរ៕