ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជន និងជនពិការប្រភេទក១ នឹងក២ សរុបចំនួន៤៤២នាក់
(បន្ទាយមានជ័យ)៖ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជន និងជនពិការប្រភេទ ក១ នឹងក២ ខេត្តបន្ទាយមានជ័យសរុបចំនួន ៤៤២នាក់ នៅសាលប្រជុំធំគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះឯកឧត្តម គន់ គីម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែខ្វាយខ្វល់គិតគូរពីសុខទុក្ខ ចំពោះបងប្អូនជាសមាជិកសមាគមអតីតយុទ្ធជន និងជនពិការ ដែលបងប្អូនទាំងអស់មានការលះបង់ខ្ពស់ហ៊ានបូជាជីវិត សាច់ស្រស់ ឈាមស្រស់ការពារបូរណៈភាពទឹកដីកម្ពុជាយើង ឲ្យបានគង់វង់រហូតដល់បច្ចុប្បន្ន។
ឯកឧត្តម គន់ គីម មានប្រសាសន៍បន្តថា ការចុះជួបសំណេះសំណាលជាមួយបងប្អូននាថ្ងៃនេះ គឺមានគោលបំណងសំខាន់ៗ ៤យ៉ាងគឺ
ទី១) ផ្ដល់ដំណឹងល្អដែលត្រូវបានរាជរដ្ឋាភិបាល មានគម្រោងដំឡើងប្រាក់បៀវត្ស បន្ថែមជូនដល់បងប្អូនជាសមាជិកអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ។
ទី២) ដើម្បីលើកទឹកចិត្តក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង។
ទី៣) បន្តជំរុញដល់បងប្អូនទាំងអស់ខិតខំប្រឹងប្រែង ប្រកបមុខរបរគួបផ្សំបន្ថែម ដើម្បីបង្កើនជីវភាពគ្រួសារប្រសើរថែមមួយកម្រិតទៀត។
និងទី៤) សមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តជួយសាងសង់ផ្ទះជូនបងប្អូនសមាជិកក្រីក្រនិងពីការ។
ក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមក៏បានធ្វើការផ្ដល់នូវអំណោយជូនដល់បងប្អូនសមាជិកអតីតយុទ្ធជនចូលរួមចំនួន ៤៤២នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ចំនួន១០ម៉ឺនរៀលផងដែរ ៕