អាវុធហត្ថបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរំលោភលើទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ការចុះបង្ក្រាបនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន
១.ឈ្មោះ ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
២.ឈ្មោះ រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ជនសង្ស័យទាំង២នាក់ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ វត្ថុតាងដែលដកហូតបានរួមមាន៖កាក់ឈីប លេខ៥០០០ ចំនួន០១កាក់, ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបាត់ដំបង 1AQ-98 38 ចំនួន០១គ្រឿង, ខ្សែកលោហធាតុ ពណ៌ក្រហម ប្រវែង២៥ សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ខ្សែដៃលោហធាតុ ពណ៌លឿង ប្រវែង០៧ សង់ទីម៉ែត្រ ចំនួន០១ខ្សែ, ចិញ្ចៀនលោហធាតុ ពណ៌លឿង មានដាំត្បូងពណ៌ស ចំនួន០១វង់, ប័ណ្ណសម្គាល់ទោចក្រយានយន្តចំនួន០១សន្លឹក និងUSB ផ្ទុកទិន្នន័យ វីដីអូរ ចំនួន០១។
លោកបន្តថា នៅវេលាម៉ោងកេីតហេតុដេីមបណ្តឹង បានឃេីញជនសង្ស័យឈ្មោះ ឡូញ ពៅ លួចយកកាក់ឈីបរបស់ក្រុមហ៊ុនចំនួន០១កាក់ ដែលមានតម្លៃ៥,០០០បាត ដាក់ក្នុងអាវ ភ្លាមនោះក្រុមហ៊ុនកាស៊ីណូ បានសួរនាំជនសង្ស័យសួរនាំ និងបានសារភាពថា ធ្លាប់លួច កាក់ឈីបរបស់ក្រុមហ៊ុនជាច្រើនលើកមកហើយក្នុងរយៈពេល០៣ខែជាប់គ្នា ពេលលួចកាក់បានខ្លួនបានយកកាក់នោះទៅប្រគល់ឱ្យភ្ញៀវឈ្មោះ រុន នោរី ដើម្បីដូរយកប្រាក់ចែកគ្នាចាយ ដែលសរុបជាទឹកប្រាក់ទាំងអស់ចំនួន ប្រហែល៣០០,០០០បាត(សាមសិបម៉ឺនបាត)លុយថៃ ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដេីម្បីសួរនាំ។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ ទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចយកកាក់ឈីប របស់ក្រុមហ៊ុនពិតប្រាកដមែន។ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕