ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១២៤៣ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា
ខេត្តកណ្តាល៖មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធី ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២៤៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល ។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអគុណ ចំពោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី,មន្ទីរអង្គភាពពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ, បងប្អូនប្រជាពលរដ្ឋ ដែលបានខិតខំបំពេញការងារ និងសហការក្នុងការរៀបចំចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាល បានផ្តល់នូវអនុសាសន៍ដឹកនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកស្អាង រួមមាន៖
១.គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវបន្តពង្រឹងនិងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយ ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព និងបន្តការអប់រំ ផ្សព្វផ្សាយ ចុះឲ្យដល់មូលដ្ឋានតាមខ្នងផ្ទះ(ជាពិសេសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែគ្មានជាដាច់ខាតក្នុងមូលដ្ឋាន)។
២.ត្រូវពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈ,សេវារដ្ឋបាល តាមការិយាល័យច្រកចេញចូលតែមួយ ដោយជំរុញអនុវត្ត ឱ្យបានតាមទិសស្លោក «ធ្វើឱ្យបាន ធ្វើឱ្យលឿន និង មានតម្លាភាព» ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ។
៣.រដ្ឋបាលស្រុក ដែលមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។
ជាពិសេស ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវរក្សាទុកដាក់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)អោយបានល្អប្រសើ ព្រោះវាមានសារៈសំខាន់ និងមានតម្លៃណាស់៕