អភិបាលក្រុងប៉ោយប៉ែត បញ្ជូនគ្រឿងចក្រជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់កែងផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ប្រវែងជាង៦គីឡូម៉ែត្រ ក្រោយពីរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅរដូវវស្សា
ខេត្តបន្ទាយមានជ័យ៖ជាការឆ្លើតបតាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការនី ដែលបម្រើការងារនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងក្រុងប៉ោយប៉ែត ដែលពិបាកក្នុងការធ្វើដំណើរ ដោយសារនៅរដូវវស្សាទឹកជំនន់ទឹកភ្លៀងបានហូរជ្រោះដាច់ធ្វើឲ្យផ្លូវក្រាលថ្មមិចទទឹង៣០ម៉ែត្រ ដែលគេហៅថាផ្លូវ៣០ម៉ែត្រ រងការខូចខាតនោះ ពេលនេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបញ្ជូនគ្រឿងចក្រផ្ទាល់ខ្លួនជាច្រើនគ្រឿង និងដឹកនាំបញ្ជាផ្ទាល់ ចុះជួសជុលសម្រួលផ្លូវ៣០ម៉ែត្រឡើងវិញ ដោយភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ទៅកាន់កែងផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរបំពេញការងាររបស់កម្មករ កម្មការនីនៅតំបន់សេដ្ឋកិច្ចពិសេសខាងលើ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉េត បានឲ្យដឹងថា៖ ផ្លូវក្រាលថ្មមិច៣០ម៉ែត្រ ដែលក្រុមការងារកំពុងធ្វើការឈូស ឆាយ កៀ កិនឡើងវិញនេះ រងការខូចខាតនៅរដូវវស្សាភ្លៀងធ្លាក់ជោគជាំ បណ្តាលឲ្យហូដាច់ច្រោះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសក្មួយៗ ដែលសិស្សានុសិស្ស និងកម្មករ កម្មការនី ដែលបម្រើការងារនៅរោងចក្រ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រោយពីដាច់គ្រាប់ភ្លៀង ពោលគឺចូលរដូវប្រាំងភ្លាម លោកក៏បានបញ្ជូនគ្រឿងចក្រ ធ្វើការឈូស ឆាយ កៀ កិន កែសម្រួលឡើងវិញ ដោយសារផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសក្មួយៗសិស្សានុសិស្សចេញចូលទៅសិក្សា និងកម្មករ កម្មការនីទៅបម្រើការងារ ។
សូមបញ្ជាក់ផងដែរថា ការឈូស ឆាយ កៀ កិន កែសម្រួល និងធ្វើផ្លូវនេះមិនមែនទើបតែកើតមានឡើងនាពេលនេះនោះទេ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត ដែលក្រោមការដឹកនាំរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុង ពោលគឺធ្វើជារើយៗដូចភ្លៀងរលឹម គ្រាន់តែនៅរដូវវស្សាពិបាកក្នុងការធ្វើ ដោយសារភ្លៀងធ្លាក់ជោគជាំ ហើយចូលរដូវប្រាំងនេះក្រុមការងារកំពុងបន្តជួសជុល និងធ្វើបន្ថែមទៀត តាមចំណុចកន្លែងសំខាន់ៗ ជាក់ស្តែងដូចនៅផ្លូវ៣០ម៉ែត្រខាងលើនេះអញ្ជឹង មិនដូចអ្នកមួយចំនួនចាំតែរិះគន់ដោយមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនោះឡើយ ៕