សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក តែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប
រាជធានីភ្នំពេញ៖ក្នុងចំណោមសមិទ្ធផលជាង ៧០ គម្រោងដែលបានធ្វើឡើងនៅកម្ពុជាកន្លងមកនេះ ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ខណៈការសម្ពោធសមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក៏ជាសមិទ្ធផលថ្មីមួយទៀត នៃខួបទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំកម្ពុជា–ជប៉ុនមុនបំណាច់ឆ្នាំសាកលនេះ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា សមិទ្ធផលស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ និងសមិទ្ធផលនានាដែលកម្ពុជាអាចទទួលបាននាពេលបច្ចុប្បន្ន និងទៅអនាគតនោះ អ្វីដែលត្រូវចង់ចាំ និងរម្លឹកដល់ដំបូកគេ គឺការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា។ ហេតុនេះហើយនៅថ្ងៃទី២៩ ខែធ្នូនេះកម្ពុជានឹងប្រារព្ធទិវានៃនយោបាយឈ្នះ ឈ្នះ ដែលកម្ពុជាខិតខំស្វែងរកបានយ៉ាងលំបាកដែលកូនខ្មែរត្រូវរួមគ្នា ថែរក្សាឱ្យបានជាដាច់ខាត។
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងកម្ពុជា–ជប៉ុន នឹងត្រូវបានបន្តពង្រីកបន្ថែមទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៤ ពោលគឺជាខួបទី៧១ឆ្នាំ នៃទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ហើយសម្ដេចធិបតី បញ្ជាក់ថា កម្ពុជា និងជប៉ុន នៅមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាជាច្រើនទៀត ដោយឈរលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ។ ក្នុងរយៈពេល៧០ឆ្នាំ ឈានចូល៧១ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា–ជប៉ុន សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានស្នើដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានផ្តាំទៅក្រុមប្រឆាំងដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះថា «គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ» គឺ មិនមែនជាលុយកម្ចីបរទេសនោះទេ គឺជាគម្រោង BOT ហើយសម្តេច បានផ្ញើសារទៅពួកទាំងនោះទៀតថា កុំប្រឌិតរឿងកុហកច្រើនពេកប្រយ័ត្នបាប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សម្តេចធិបតីបានបង្ហើបឲ្យដឹងថា មានក្រុមប្រឆាំងម្នាក់នៅក្រៅស្រុក បានផ្ញើសារអង្វរដល់ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍ចូលស្រុកខ្មែរវិញ។ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
ទន្ទឹមនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឱ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសាកលនាពេលខាងមុខនេះ៕