ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ខែមករា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ខែមករា ឆ្នាំ២០២៤ ដល់កម្លាំងនគរបាលទូទាំងខេត្ត។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យផែនជំនាញទាំង៣១ លោកអធិការនគរបាលក្រុង–ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារដែលអនុវត្តខែកន្លងមក និងផ្សព្វផ្សាយផែនការខែមករា ឆ្នាំ២០២៤ សម្រាប់កងកម្លាំងអនុវត្តបន្ត។ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ផ្នែកពាក់ព័ន្ធរហូតបានលទ្ធផលគួរជាទីមោទន:។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញនិងដាក់ចេញនូវផែនការឲ្យកម្លាំងនគរបាលជំនាញ
–ត្រូវពង្រឹងការផ្តល់សេវាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ។
–នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ត្រូវពង្រឹងការកសាងរបង ជម្រក ជំរុំបន្ទាយ ការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ ។
–នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងការផ្តល់សេវាសាធារណៈ ។
–ត្រូវបង្ការ ទប់ស្កាត់ បទល្មើសភេវកម្មសម្អាតសាច់ប្រាក់ ហិរញ្ញប្បទានគ្មានប្រភពច្បាស់លាស់។
–ពង្រឹងទប់ស្កាត់ ព័ត៌មានក្លែងក្លាយ អ្នកបំពុលសង្គម បង្កភាពអសន្តិសុខ និងបទល្មើសបច្ចេកវិទ្យា។
–ពង្រឹងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង ទីផ្សារចោរកម្ម ។
–ពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និង អំពើរជួញដូរផ្លូវភេទគ្រប់ទំរង់ ។
–បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ–សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក និង ផលប៉ះពាល់នៃគ្រឿងញៀន។
–ពង្រឹងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច ទំនិញគេចពន្ធ ផលិតផលក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញា ។
–ពង្រឹងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស។
–ត្រូវពង្រឹងការគ្រប់គ្រងកងកម្លាំង ការយាមល្បាត កម្លាំងប្រចាំការ២៤ម៉ោង កម្លាំងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕