សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសាងសង់នូវវិមានឈ្នះ ឈ្នះ គឺធ្វើឡើងដើម្បីកូនខ្មែរទាំងអស់គ្នា គ្រប់ជំនាន់បានចងចាំនូវតម្លៃសន្តិភាព តថភាពពិតប្រាកដរបស់កម្ពុជា ហើយក៏បង្ហាញនូវនិមិត្តរូប នៃសន្តិភាពរបស់កម្ពុជាឲ្យស្ថិតស្ថេរជារៀងរហូតទៅផងដែរ
(ភ្នំពេញ)៖ នយោបាយ ឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយមានការចូលរួមរបស់ប្រតិបត្តិករស្នូល ប្រតិបត្តិករផ្សេងទៀតរួមទាំងប្រជាពលរដ្ឋផងដែរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកប ដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ចោទជាសំណួរថា ប្រសិនបើក្នុងរយៈពេល២៥ឆ្នាំមកនេះ កម្ពុជាពុំមានសុខសន្តិភាពទេ តើមានទាហាន នគរបាល ឬបងប្អូនទាំងអស់ដែលកំពុងឈរនៅទីនេះមានប៉ុន្មាននាក់ ខណៈវត្តមានរបស់បងប្អូននៅទីនេះ បានគឺជាផលលាភដែលបានកើតឡើងចេញពីសុខសន្តិភាពនេះហើយនោះ។
សម្តេចធិបតី បានថ្លែងថា ប្រសិនបើមិនមាននយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេ តើក្នុងរយៈពេល២៥ឆ្នាំមកនេះ មានខេត្តណាខ្លះទៅដែលនឹងត្រូវប្រកាសថា ជាខេត្តគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ? នេះជាសំណួរដែលត្រូវចោទសួរយើងទាំងអស់គ្នា?។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សុខសន្តិភាពបង្ករជម្រើស បង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលមានមហិច្ឆតាខ្ពស់បំផុត ក្នុងការលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែតឡើងបន្ថែមទៀតនៅលើ ឆាកអន្តរជាតិ និងបានដាក់ចេញនូវគោលដៅច្បាស់លាស់ក្នុងឆ្នាំ២០៥០ ជាប្រទេសចំណូលកម្រិតខ្ពស់ ខណៈ មហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារសាងសង់ វិមានឈ្នះ ឈ្នះ ទាំងអស់ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងថវិកាក្នុងការកសាងសង់នូវវិមានឈ្នះ ឈ្នះ ខណៈការចំណាយទាំងនេះគឺជាការបង្ហាញនូវការសាមគ្គីគ្នាក្នុងការលើកកម្ពស់ និងការកសាងនូវមជ្ឈមណ្ឌល សម្រាប់ផ្ទុកនូវប្រវត្តិសាស្រ្តរបស់កម្ពុជា ទុកដល់កូនចៅជំនាន់ក្រោយ៕