គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយ សមាគម អង្គការ មិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយជូនដល់គណបក្សនយោបាយតាមសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធស្ដីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ។
លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ដែលត្រូវបានធ្វើឡើងនៅទីស្ដីការ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាគ.ជ.បនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន៤គណបក្សរួមមាន គណបក្សប្រជាជនកម្ពុជាលំដាប់លេខរៀងទី១ គណបក្សឆន្ទៈខ្មែរលំដាប់លេខរៀងទី២ គណបក្សហ្វ៊ុន ស៊ិនប៉ិច លំដាប់លេខរៀងទី៣ គណបក្សកម្លាំងជាតិលំដាប់លេខរៀងទី៤។
លោក យ៉ង់ ស័ក្តិ បានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់យ៉ាងជាក់លាក់ថា ការឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈនៃឆ្នាំ២០២៤ និងការបោះឆ្នោតការរាប់សន្លឹកឆ្នោតទាំងការបិទផ្សាយលទ្ធផល នៅការិយាល័យបោះឆ្នោតនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការប្ដឹងតវ៉ាអំពីលទ្ធផលនៃការបោះឆ្នោត ភាពពុំប្រក្រតីនៃការិយាល័យបោះឆ្នោតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ាងយូរត្រឹមម៉ោង ១១,៣០នាទី។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា តំណាងគណបក្សនយោបាយដែលបានអញ្ជើញមកចូលរួមប្រជុំនាថ្ងៃនេះត្រូវបន្តធ្វើការផ្សព្វផ្សាយស្ដីពីនីតិវិធីនិង ប្រតិទិនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់ធ្វើយ៉ាងណាឲ្យដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលខាងមុខទទួលបានភាពជោគជ័យនិងសុំឲ្យកងកម្លាំង ភេទត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានពង្រឹងការពារសុវត្ថិភាពសាធារណៈឲ្យដំណើរការបោះឆ្នោតមានភាពល្អប្រសើរ៕