អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៖រឿងអធិការនគរបាលស្រុកព្រះនេត្រព្រះ និងម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ “ថាវរី មាសបង” ជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធនឹងអង្គភាព ឡើយ
(បន្ទាយមានជ័យ)៖ក្រោយពីមានការបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាតពាក់ព័ន្ធរឿងប្រុសប្រកែក ស្រីប្រកាន់ ពោលគឺរឿងស៊ីនុំអត់ឲ្យលុយ រវាងលោក មាស ឬទ្ធី ដែលមានតួនាទីជាអធិការនគរបាលស្រុកព្រះនេត្រព្រះ និងម្ចាស់គណនីហ្វេសប៊ុក(Account Facebook) ឈ្មោះ ថាវីមាសបង មកនោះ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីបំភ្លឺ និងបដិសេធ ជុំវិញការចោទប្រកាន់ របស់គណនីហ្វេសប៊ុកខាងលើ រួមនឹងមួយចំនួនទៀត ជាហេតុធ្វើឲ្យប៉ះពាល់ដល់អង្គភាពយ៉ាងធ្ងន់ធ្ងរ ព្រោះថារឿងខាងលើនេះជារឿងស្នេហារវាងបុគ្គលនិងបុគ្គលតែប៉ុណ្ណោះ។
យោតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជម្រាបជូនសាធារណជនដែលបើប្រាស់បណ្តាញព័ត៌មានសង្គមជ្រាបថាៈ បន្ទាប់ពីបានឃើញការចុះផ្សាយរបស់ គណនីហ្វេសប៊ុក(Account Facebook) ឈ្មោះ ថាវីមាសបង ឈ្មោះអូន,ថាវរីមាសបង និងមួយចំនួនទៀត កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុង និងសោកស្តាយបំផុត ដែលគណនីហ្វេសប៊ុកឈ្មោះ ថាវីមាសបង ឈ្មោះអូន ,ថាវរីមាសបង ដែលបានចុះផ្សាយ ធ្វើឲ្យមហាជន មានការភាន់ច្រឡំមកលើអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដូចជាអង្គភាពអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ព្រោះថាក្រោយពីធ្វើការស្រាវជ្រាវករណីនេះ គឺពាក់ព័ន្ធរឿង ស្នេហាផ្ទាល់ខ្លួនរវាងបុគ្គលនិងបុគ្គល មិនមានការពាក់ព័ន្ធ នឹងការងារអង្គភាពឡើយ។ដូច្នេះសូមសាធារណជន ជ្រាបជាព័ត៌មាន៕