(បន្ទាយមានជ័យ)៖លោកបណ្ឌិត ឌីម សុខុន និងលោក គឹម សារឿន នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន ចុះជួបសំណេះសំណាលជាមួយមន្ត្រីដែលកំពុងបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ពិសេសសម្រួលពលករដែលចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីវិលត្រឡប់ទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ ។ក្នុងនោះក៏មានការចូលរួមពីមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ,មន្ត្រីទំនាក់ទំនងព្រំដែននិងមន្ត្រីសាលាក្រុងប៉ោយប៉ែតផងដែរ។
ជាមួយគ្នានោះដែរក្រុមការងារបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន បានផ្ដល់ជាទឹកសុទ្ធ និងសហការចែកជានំប៉័ង ក្រម៉ា ទឹកបរិសុទ្ធជូនដល់ពលករយើង និងថតរូបជាអនុស្សាវរីយ៍ក្នុងរូបភាពស្នាមញញឹមរាក់ទាក់ និងស្និទ្ធស្នាល។
ក្នុងឱកាសនោះដែរលោកបណ្ឌិត ឌីម សុខុន និងលោក គឹម សារឿន បានមានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជា និងកសាងបណ្ដាញយុវជនក្នុងវិស័យព័ត៌មាន ក្រសួងព័ត៌មាន លោកក៏បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាលជាមួយមន្ត្រីដែលកំពុងបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ពិសេសសម្រួលពលករដែលចេញពីប្រទេសថៃ នៅចំណុចខាងលើ ដើម្បីផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត ក៏ដូចជាស្វែងយល់អំពីទុក្ខលំបាករបស់មន្ត្រី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ ៕