អគារសិក្សា ១ខ្នង និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង
ខេត្តបាត់ដំបង៖ វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតទៅលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង មានប្រសាសន៍បែបនេះក្នុងឱកាសាអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ ស្ថិតក្នុងភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។
សម្ដេចក្រឡាហោម ស ខេង មានមានប្រសាសន៍បន្តថា ក្នុងនាមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សូមសម្ដែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្តខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សា បាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ។
សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយ និងមានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គង់ប្រថាប់ជាម្លប់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ការរក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនរហូតមកដល់ពេលនេះ មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយមានការគ្រោងទុកប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ អំពីជោគវាសនាអនាគតរបស់ប្រទេសជាតិ។
ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានផ្តល់នូវមតិផ្ដាំផ្ញើមួយដល់រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធ៖ ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ការពារព្រះមហាក្សត្រ ការពារ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ ព្រមទាំងការពាររាល់សមិទ្ធផលសង្គមជាតិឱ្យ រឹងមាំស្ថិតស្ថេរគង់វង្ស។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព, គុណភាព ,រហ័ស និងជឿទុកចិត្ត។ ត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។ ទន្ទឹមគ្នានេះ ត្រូវបង្កើនការអប់រំ បំផុសចលនា នឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាម ពាក្យស្លោក «បីកុំ មួយរាយការណ៍»។ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ៕