កិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖នាថ្ងៃទី៧ ខែមេសាឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អោម ចន្ថា អភិបាលរងខេត្តនិងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានអនុប្រធានមន្ទីរ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធ។
ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះផងដែរ គឺមានសេចក្ដីព្រាងរបៀបវារៈ ចំនួន៥ ដែលត្រូវលើកយកមកដោះស្រាយ ពិនិត្យ ពិភាក្សានិងអនុម័ត។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាននិងបន្តយកចិត្តទុកដាក់ចំពោះការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាពិសេសច្រកចេញចូលតែមួយ។ជាងនេះទៀតរដ្ឋបាលខេត្ត សហការជាមួយអង្គភាពពាក់ព័ន្ធ បានជំរុញការងារជួសជុលផ្លូវខូចខាតដោយទឹកជំនន់កន្លងមក និងបានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ចុះជួយ ជួសជុលផ្ទះបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងបានឧបត្ថម្ភជាស្បៀង ម្ហូបអាហារ សម្ភារៈផ្សេងៗ ព្រមទាំងបានធ្វើការចុះអប់រំណែនាំអំពីបញ្ហាប្រឈមនានា ដល់ប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកដោយប្រថុយប្រថាននិងខុសច្បាប់។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា នាពេលខាងមុខនេះគឺជាឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរយើងដោយរយៈពេល២ឆ្នាំកន្លងមកគឺ២០២០–២០២១ យើងមិនបានធ្វើពិធីសង្ក្រាន្តឆ្នាំថ្មីអ្វីនោះទេ ដោយសារជំងឺកូវីដ19 តែឆ្នាំ២០២២នេះរាជរដ្ឋាភិបាលបានសម្រេចឲ្យមានសង្ក្រានឆ្នាំថ្មីឡើងវិញ ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវបង្ការការពារ ៣ការពារ ៣កុំ ជានិច្ច ហើយកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះឲ្យបានប្រសើរ។
ជាចុងក្រោយឯកឧត្តម ខេង ស៊ុម ក៏បានធ្វើការណែនាំក្រើនរំលឹកដល់ស្ថាប័នពាក់ព័ន្ធមួយចំនួនដូចជា បញ្ហាបរិស្ថាន ត្រូវយកចិត្តទុកដាក់ពិសេសយើងសង្កេតឃើញនៅតាមសងខាងដងផ្លូវជាតិ សំបូរទៅដោយសំរាមធ្វើឲ្យបាត់បង់នូវ សោភ័ណភាព អាប់អោនដល់កិត្តិយសខេត្តបន្ទាយមានជ័យ ខិតខំបន្តជំរុញភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់និងបង្រាបឱ្យបាន ក្មេងទំនើងសុំកុំឱ្យយកគ្រឿងស្រវឹងទៅផឹកស៊ីក្នុងទីវត្តអារាម បន្តជំរុញនិងធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវអនុវត្តឲ្យបាន ៣ការពារ ៣កុំ ព្រមទាំងបន្តខិតខំបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា ទាំងសេវាតម្រូវការក៏ដូចជាសេវាផ្សេងៗ៕