ស្ត្រីម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខាងកើតផ្សារសមាគម ក្នុងក្រុងប៉ោយប៉ែត បណ្ដាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមសង្គ្រោះបឋមអាវក្រហមដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ ពេលនេះបានបាត់បង់ជីវិតទៅហើយ
ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក zoomer និងម៉ូតូកង់បីជំហៀង នាវេលាប្រមាណ ៧យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវបេតុងខាងកើតផ្សារសមាគម ស្ថិតនៅក្នុងភូមិប្រជាធម្មកើត សង្កាត់អូឬស្សី ក្រុងប៉ោយប៉ែត បណ្ដាលឱ្យស្ត្រីម្នាក់ជាអ្នកបើកបរម៉ូតូ zoomer រងរបួសធ្ងន់និងបាក់ជើងម្ខាងនោះ នាល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ភ្នាក់ងារយើងទទួលបានព័ត៌មានពីក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែត ថា បានទទួលមរណៈភាពទៅហើយ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ់។
ដោយមើលឃើញពីការខ្វះខាតរបស់ក្រុមគ្រួសារសពនោះ ក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែត បាននាំយកថវិកាមួយចំនួនដែលបានមកពីសប្បុរសជននានា យកទៅចូលរួមបុណ្យសពនៅគេហដ្ឋាននៅភូមិអូឬស្សី សង្កាត់អូរឫស្សី ផងដែរ។
ក្រុមសង្គ្រោះបឋមបានបញ្ជាក់ថា ជនរងគ្រោះអាយុប្រមាណ ១៨ឆ្នាំ នៅពេលកើតហេតុក្រុមពួកខ្លួនបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ដោយសារស្ថានភាពធ្ងន់ធ្ងរ គ្រាំក្នុងក្បាល ប៉ះពាលដល់សួត និងបាក់ភ្លៅម្ខាងផងនោះ ក្រុមគ្រួសារបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ត្រូវបានបាត់បង់ជីវិតតែម្ត។
គួររំលឹកផងដែរថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាថ្ងៃខែខាងលើនេះដែរ បើតាមប្រភពពីក្រុមសង្គ្រោះបឋមអាវក្រហមក្រុងប៉ោយប៉ែត ដែលទទួលបានព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក zoomer ក្នុងទិសដៅពីកើតទៅលិច រីឯម៉ូតូកង់បីជំហៀងបើកបរក្នុងទិសដៅពីលិចទៅកើត ពោលគឺបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាលើក៏ស្រាប់តែម៉ូតូកង់បីបានបត់ចូលកន្លងខាងម៉ូតូ ហើយក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្ត្រីជាម្ចាស់ម៉ូតូរងរបួសធ្ងន់ដោយបាក់ជើងម្ខាង ត្រូវបានក្រុមយុវជនសង្គ្រោះបឋមក្រុងប៉ោយប៉ែត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ចំណែកបុរសជាអ្នកបើកបរម៉ូតូកង់បីរងរបួសស្រាល។
ក្រោយពីកើតហេតុកម្លាំងនគរបាលផែនចរាចរណ៍បានចុះជួយអន្តរាគមន៍ និងនាំយកមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយផងដែរ៕