លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ព្រមទាំងសម្ពោធសមិទ្ធផលនានា ក្នុងសាលាបឋមសិស្សាបារាយណ៍
ខេត្តស្វាយរៀង៖ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យអប់រំ ក៏មានការរីកចំរើន គួរឱ្យកត់សម្គាល់ផងដែរ ហើយវិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតទៅលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ ។ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល ព្រមទាំងសម្ពោធសមិទ្ធផលនានាក្នុងសាលាបឋមសិស្សាបារាយណ៍ ស្ថិតក្នុងឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានកោតសរសើរនិងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំស្រុក ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ដែលបានគៀងគរថវិកា ពីសប្បុរសជននានា ចូលរួមគាំទ្រជាបន្តបន្ទាប់ នូវការកសាង និងជួសជុលកែលម្អឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអោយសាលាមានសោភ័ណ្ឌភាពល្អប្រសើរឡើងវិញ ។ សកម្មភាពទាំងនេះបានសរបញ្ជាក់អោយឃើញពីការ រួមចំណែកជួយកសាង និងលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីទុកជាប្រយោជន៍រួម ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាកូនចៅជំនាន់ក្រោយ សម្រាប់ប្រើប្រាស់បន្តទៅមុខទៀត ព្រមទាំងបានជំរុញលើកទឹកចិត្តមន្ត្រីគ្រប់រូប អោយខិតខំបំពេញការងារឱ្យអស់លទ្ធភាព និងតម្រង់ទិសវិស័យអប់រំនៅកម្ពុជា ដើម្បីបង្កើតធនធានមនុស្សដ៏មានចំណេះដឹង និងជំនាញសមត្ថភាពពិតប្រាកដ ដើម្បីយកឧត្ដមភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ថែមទាំងបានណែនាំប្អូនៗ ក្មួយៗ សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ប្រកបដោយគុណភាព ដើម្បីត្រៀមយកចំណេះដឹងចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុននានា និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ៕