ប្រជាពលរដ្ឋទីទាល់ក្រ នៅក្នុងសង្កាត់ដំរីជាន់ខ្លាជាង១០គ្រួសារ ទទួលបានអំណោយពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តកំពង់ធំ

ចេញផ្សាយនាល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥

(ខេត្តកំពង់ធំ)៖ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តកំពង់ធំ ដឹកនាំដោយលោកបណ្ឌិត គឹម សារឿន និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង ២:០០ រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ បានចុះសួសុខទុកនិងអំណោយជាគ្រឿងឧបភោគ បរិភោគចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១១ គ្រួសារ នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពុងធំ។
អំណោយដែលត្រូវចែកជូនរួមមាន អង្ករ មី និងសម្ភារ:ប្រើប្រាស់ប្រចាំគ្រួសារមួយចំនួន។ កម្មវិធីនេះមានគោលបំណងជួយសម្រួលបញ្ហាជីវភាព និងបង្ហាញពីស្មារតីមនុស្សធម៌របស់យុវជនក្នុងការចូលរួមជួយសង្គ្រោះសង្គម និងផ្សះផ្សាគ្នាដើម្បីសន្តិភាព។

នាឱកាសនោះដែរលោកបណ្ឌិត គឹមសារឿន បានមានប្រសាសន៍ពាំនាំនូវការនូវការផ្ដាំផ្ញើសាកសួរទុកពីសំណាក់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (សស.យស) ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធាន សមាគម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ។

លោកបណ្ឌិត បានបញ្ជាក់ថា ការចែកអំណោយទាំងនេះ គឺផុសចេញពីបេះដូងមនុស្សធម៌របស់ថ្នាក់ដឹកនាំក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព យើងបានរួមគ្នាជាផ្នែកមួយនៃយុទ្ធនាការស្ម័គ្រចិត្តរបស់យុវជនក្នុងការជួយសង្គម និងលើកកម្ពស់សុភមង្គលសហគមន៍ក្នុងស្រុកយើងដោយមិនរើសអើង ពណ៌សម្បុរ ឬសាសនាអ្វីឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *