ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១០១៣ គ្រួសារ នៅក្នុងក្រុងប៉ោយប៉ែតទទួលអំណោយពីព្រះមុនីសីលសោភ័ណសិរីបញ្ញា សយ ចាន់ថន ព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម និងពុទ្ធបរិស័ទនានា
ខេត្តបន្ទាយមានជ័យ៖ ដោយពិនិត្យមើលឃើញពីភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋមួយចំនួននោះ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះមុនីសីលសោភ័ណសិរីបញ្ញា សយ ចាន់ថន ព្រះគ្រូចៅអធិការ វត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម និងពុទ្ធបរិស័ទនានា បាននាំយកអំណោយដែលបានមកពីបរិច្ចាគប្រគេនដល់ព្រះសង្ឃក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ មកចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០១៣គ្រួសារមកពីសង្កាត់អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ១០ គីឡូក្រាម គ្រឿងឧបភោគបរិភោគ ឃីត១កញ្ចប់និងទឹកបរិសុទ្ធថៃចំនួន១យួរ ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះព្រះមុនីសីលសោភ័ណ សយ ចាន់ថន ដែលជានិច្ចកាលព្រះអង្គតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ ងាយរងគ្រោះដែលមានជីវភាពខ្វះខាតថ្វីដ្បិតតែអំណោយដែលបានទទួលនៅថ្ងៃនេះមានភាពតិចតួចពុំអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានយូរអង្វែងក៏ដោយ តែអាចជួយកាត់បន្ថយនូវភាពខ្វះខាតបានមួយគ្រាផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះក្នុងឆ្នាំ២០២៣ ព្រះអង្គសយ ចាន់ថនបានចូលរួមផ្តល់អំណោយមនុស្សធម៌ជូនដល់សង្កាត់ទាំងបី ក្នុងក្រុងប៉ោយប៉ែតសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងមួយសង្កាត់ទទួលបានអង្ករ ៣តោន មី៦០កេសទឹកត្រី១០០យួរ ទឹកសុទ្ធ៣០០យូរ ហើយមិនតែប៉ុណ្ណោះបានចែកជូនដល់គ្រួសារសព ក្នុងក្រុងប៉ោយប៉ែតជួបការលំបាកចំនួន ៦៣គ្រួសារ ក្នុងមួយគ្រួសារសពទទួលបាននូវអង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធចំនួន១០យួរ មី២កេស ត្រីខកំប៉ុង២យួរ និងភេសជ្ជៈផ្សេងៗមួយចំនួនទៀតផង៕